និយោជក​មកពី​១៧​ប្រទេស​ ជួប​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ​គ្នា​នៅ​កម្ពុជា

89

ភ្នំពេញ ៖ ​ក្រុម​ប្រតិភូ​តំណាង​សហព័ន្ធ និង​សមាគម​និយោជក​មកពី​ប្រទេស​ផ្សេងគ្នា​ចំនួន​១៧​ បាន​ណាត់​ជួបគ្នា ​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ​ក្រោម​វត្ត​មាន​​របស់​ឯកឧត្តម​បណ្ឌិត អ៊ិត ​សំហេង រដ្ឋ​មន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ឲ្យ​មាន​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ ​ដើម្បី​សិក្សា​ស្វែងយល់ ប្រៀបធៀប និង​ធ្វើការ​ចែករំលែក​ស្ថានភាព​ការងារ​របស់​ប្រទេស​នីមួយៗ​ ដើម្បីឱ្យ​អ្នកចូលរួម អាច​មាន​ចំណេះដឹង​អំពី​ទំនាក់ទំនង​វិជ្ជាជីវៈ ​ការគ្រប់គ្រង​ធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រង​ការងារ​ត្រីភាគី​។

ឯកឧត្តម​ បន្តថា វេទិកា​នេះ ​ពិតជា​បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​បង្កើត​នូវ​ឱកាស​ដល់​ការ​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ ​ព្រមទាំង​រឹត​បន្តឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​សមាគម​និយោជក​នៅក្នុង​តំបន់​ សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កម្មវិធី បណ្តាញ​ទំនាក់​ទំនងជា​លក្ខណៈ​អន្តរជាតិ​មួយ​នេះ​ឡើង​។​

លោក​ឧកញ៉ា វ៉ាន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​បាន​លើកឡើងថា ការ​កើតមាន​ឡើង​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ​ដោយសារ​ការ​រីកចម្រើន​បច្ចេកវិទ្យា​ថ្មី​យ៉ាង​ឆាប់រហ័ស កំពុង​ជះឥទ្ធិពល​ដល់​ការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ ទៅលើ​របៀបរបប​នៃ​ប្រតិបត្តិការ​អាជីវកម្ម ​និង​ការងារ​គ្រប់​ប្រភេទ​។​ ស្ថិតក្នុង​បរិ ការណ៍​នេះ ដើម្បី​បន្ត​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង កម្ពុជា​ប្ដេជ្ញា​ខិតខំ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ ​ពិសេស​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដាក់ចេញ ​សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ក្តី​ប្រាថ្នា​របស់​កម្ពុជា​ ក្នុងការ​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕