រាជរដ្ឋាភិបាល​ នឹង​បន្ត​អនុវត្តន៍​បន្ថែមទៀត ​នូវ​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ​

87

ភ្នំពេញ ៖ ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា ក្រៅពី​ការអនុវត្ត​ប្រព័ន្ធ​ជំនួយ​សង្គម​ជា​ការ​ឆ្លើយតប​នឹង​គ្រោះអាសន្ន សុខុមាលភាព​របស់​ប្រជាជន​ងាយ​រងគ្រោះ ​និង​ប្រព័ន្ធ​សន្តិសុខ​សង្គម ក្នុងនោះ​ឆ្នាំ​២០១៩​នេះ​ រាជរដ្ឋាភិបាល​នឹង​បន្ត​យកចិត្តទុកដាក់​ និង​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​មន្ត្រី​សាធារណៈ​ នឹង​សន្យា​ដាក់​ឱ្យអនុវត្ត​បន្ថែម​មួយទៀត នូវ​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ បាន​លើកឡើង​នៅក្នុង ​ការផ្សព្វផ្សាយ​គោលនយោបាយ អនុវត្ត​របប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​ និង​ចែក​ប័ណ្ណ​សមាជិក ប​.​ស​.​ស​. ជូន​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា និង​និវត្តជន​ចំនួន ៥៨០៧​នាក់​ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ថា ការ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​យកចិត្តទុកដាក់​ជា​អាទិភាព ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​គឺ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សង្គមកិច្ច ​និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​របស់​កម្ពុជា​។ ជាក់ស្តែង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​គិតគូរ​ផ្តោតជាសំខាន់​ លើ​ការពង្រីក​វិសាលភាព​លើ​របប​សន្តិសុខ​សង្គម​ដែលមាន​ស្រាប់ ឱ្យបាន​កាន់តែ​ទូលំ​ទូ លាយ និង​ដាក់ឱ្យ​ដំណើរការ​នូវ​របប​ថ្មីៗ​ថែមទៀត ដើម្បី​ផ្តល់នូវ​ការ​គាំពារ​ជា​អតិបរមា​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ក្នុងនោះ​ជា​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​ សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម គឺ​ការធានា​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ទទួល​បាន​នូវ​ការ​គាំពារ​ចម្បង​ពីរ​យ៉ាង​គឺ ការ​ទទួលបាន​ប្រាក់​សោធន នៅ​ពេល​ឈានចូល​វ័យចាស់​ជរា ​និង​ទទួល​បាន​ការធានារ៉ាប់រង​សុខភាព​នៅពេល​មាន​ជំងឺ​។

ឯកឧត្តម​រដ្ឋលេខាធិកា​រ បន្ថែមថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ ២០១៦២០២៥ ក្នុង​គោលបំណង ​សម្រេច​បាន​នូវ “​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន​” ដោយ​ផ្តោតជាសំខាន់​លើ​សសរស្ដម្ភ ​ធំៗ​ចំនួន​២​ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម ជាការ​ឆ្លើយតប​នឹង​គ្រោះអាសន្ន ​ការអភិវឌ្ឍ​មូលធន​មនុស្ស ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​សុខុមាលភាព​របស់​ប្រជាជន​ងាយ​រងគ្រោះ​ និង​ប្រព័ន្ធ​សន្តិសុខ​សង្គម រួមមាន​របប​សោធន ​របប​ថែទាំ​សុខភាព របប​ហានិភ័យ​ការងារ និង​របប​និកម្មភាព​។

ឯកឧត្តម ហ៊ាន សា​ហ៊ី​ប បញ្ជាក់ថា ក្រោម​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​, រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​អនុវត្ត​របប​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ ​និង​អតីតយុទ្ធជន ​ដោយ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​បង់​ភាគទាន​ទាំងស្រុង ​ជំនួស​មន្ត្រី​សាធារណៈ​សម្រាប់​ឆ្នាំ​២០១៨ ​និង​ជំនួស​អតីតមន្ត្រី​រាជការ ​និង​អតីត​យុទ្ធជន រហូតដល់​ឆ្នាំ​២០២០​។ ចំណែកឯ​គោលនយោបាយ នៃ​ការ​ផ្តល់​តាវកាលិក​ផ្នែក​ថែទាំ​សុខភាព​ សម្រាប់​មន្ត្រី​សាធារណៈ​ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធជន​មាន​លក្ខណៈ​ទូលំទូលាយ និង​ល្អប្រសើរ​។ ​បន្ថែម​ពីនេះ ​រាជរដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់ និង​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​មន្ត្រី​សាធារណៈ ដោយ​បាន​សន្យា​ដាក់ឱ្យអនុវត្ត​បន្ថែម​មួយទៀត នូវ​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ នៅ​ឆ្នាំ​២០១៩​នេះ​ផងដែរ​៕