ត្រីយក្ស​ មួយ​ក្បាល​បង្ហាញ​ខ្លួន​នៅ​ដែន​សមុ​ទ្រ​ខ្មែរ​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ភ្ញៀវ​ទេសចរ

12825

ព្រះសីហនុ៖​ ត្រីយក្ស ​(ធំ)​ មួយ​ក្បាល ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សមុទ្រ​ខ្មែរ​ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ ភ្ញាក់ផ្អើល ​និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​បន្ទប់​ពី​ពួក​គេ​ស្គាល់​ច្បាស់​ថា​ ត្រីយក្សនេះ ​ជា​ប្រភេទ​ត្រីស្លូត ​ហើយ​បាន​ហែល​តាម​លេង​ជា​មួយ​នោះ ​និង​បាន​ថត​រូប​ជាមួយ​ផង​ដែរ ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​ ៤​ រសៀល​ថ្ងៃសុក្រ ​៥​រោច​ ខែ​បុស្ស ​ឆ្នាំ​ច ​សំរឹទ្ធិស័ក ​ព.ស២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ២៥ ខែ​មករា​ គ.ស​២០១៩​ នៅ​តំបន់កោះ​កូន​ ស្ថិត​ក្នុង​សង្កាត់​/ក្រុ​ង​កោះរ៉ុង​សន្លឹម​ ខេត្ត​ព្រះសីហនុ​។

ប្រភព​ពី​សហគមន៍​នេសាទ ​និង​ប្រជាពលរដ្ឋ​រក​ស៊ី​ដឹក​ភ្ញៀវ​ទេសចរ ​មុជ​មើល​ផ្កា​ថ្ម ​នៅ​តំបន់​នោះ ​(កោះកូន ចន្លើ​កោះរ៉ុង​ និ​ងកោះ​រ៉ុង​សន្លឹម​) ​បានឃើញ​ត្រី​យ​ក្ស​នេះ ​ដំបូង​ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ភ័យ​ស្មាន​ថា ត្រីឆ្លាម​កំណាច ​! ប៉ុន្តែ​ដល់​ពេលវា​ បាន​បង្ហាញ​ខ្លួន​ច្បាស់​ភ្ញៀវ​ទេសចរ​បរទេស ​ដែល​ជិះ​ទូក​មុជទឹក​មើលផ្កាថ្ម​ ស្មៅ​សមុទ្រ​នៅ​ទី​នោះ​ ស្គាល់​ថា​ជា​ត្រីស្លូត ​គឺ​ត្រី​បាឡែន ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​ គេ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​ខ្លះ​ក៏​បាន​អុំទូក ​និង​ខ្លះ​ទៀត​បរទូក​ទៅតាម​មើល​ត្រី​នោះ​ ខ្លះ​ចុះហែ​ល​តាម​ និង​ថត​រូបជាមួយ​ផង​ដែរ​។

លោក ​នេន ​ចំរើន​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ដ​ព្រះសីហនុ ​ប្រាប់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃនេះថា ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាសហគមន៍​នេសាទ​នៅ​តំបន់​នោះ ​គាត់​ក៏​បាន​ប្រាប់​ទៅ​សហគមន៍​ និង​ប្រជា​នេសាទ​ទាំងអស់ ​គឺ​ហាម​នេសាទ ​និង​យាយី​ទៅ​លើ​ត្រី​បាឡែន​នេះ​ដាច់​ខាត​ ព្រោះវាជា​ប្រភេទ​ត្រីកម្រ ​និង​ស្លូត​បូត​ណាស់ ​ដែល​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​នេសាទ ​ឬ​ចាប់​ឡើយ។​​ ហើយលោក ​ឲ្យ​ប្រជាសហគមន៍​នេសាទ​តាម​ដាន​មើល ​និង​ការពា​រ​ត្រី​យក្ស​នេះឲ្យ​បានល្អ ​ទុក​សម្រាប់​ភ្ញៀវទេសចរ​មើល​កម្សាន្ដលេង​។

ទាក់​ទិន​ករណី​ត្រី​យក្ស​ចម្លែក​ខាងលើ​នេះ​ លោក​ កៅ ​មុន្នីរិទ្ធ ​នាយរង​អធិការដ្ឋាន​រ​ដ្ឋបាល​ជល​ផល​សមុទ្រ​ បញ្ជាក់​ប្រាប់​ទូរទស្សន៍ ​BTv News ប្រហាក់​ប្រហែល​ទៅ​នឹង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខាង​លើ ​ថា​ ត្រី​នេះ​ជាប្រភេទ​សត្វ​កម្រ ​និង​ត្រូវ​បាន​ច្បាប់​អភិរក្ស ​ហាម​មិន​ឲ្យ​នេសាទ​ទេ។​ ត្រី​យក្ស​នេះ​ គឺ​ជាត្រី​បាឡែន​ ដែល​មាន​ឈ្មោះ​ជា​ភាសា​បច្ចេក​ទេស​ថា ​ត្រី​បាណន់​គីង្គក់ ​ជា​ភាសា​អង់គ្លេស​ ថា ​Whale Shark (អម្បូរ Rhincodontidae)។ កាល​ពី​ប្រមាណ​ជាង​ ៣ខែ​កន្លង​ទៅ​នេះ ​វា​បាន​បង្ហាញ​ខ្លួន​ម្ដង​នៅ​តំបន់​នេះដែ​រ​ ការបង្ហាញ​ខ្លួន​របស់​វា​នៅ​តំបន់​នេះ​ គឺ​ដោយ​សារ​វា​តាម​រក​ចំណី​របស់វា ព្រោះ​តំ​បន់​នេះ​សម្បូរ​ទៅដោយ​ជីវៈសមុទ្រ​ចម្រុះ​ ផ្កាថ្ម ​ជាពិសេស​សត្វ​គី​ (កូនត្រីតូចៗ​ដែល​គេ​យក​ធ្វើ​កាពិ​)  និង​ស្មៅ​សមុទ្រ​ ដែល​ជា​ចំណីអាហារ​របស់​វា​នោះ។​

លោក ​បន្ដ​ថា​ ត្រីយក្សនេះ​ មាន​ប្រវែង​ប្រមាណ ​៧​ម៉ែត្រ ​និង​មាន​ទំងន់​ប្រមាណ ​១​តោន ​(១ពាន់គីឡូក្រាម) ​វា​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ទូទាំង​សមុទ្រ​ពិភព​លោក​ ដែល​មាន​ចំណី​របស់​វា​។ បាន​ជា​វា​ឧស្សាហ៍​បង្ហាញ​ខ្លួន​នៅ​ចំណុច​ចន្លោះ​កោះរ៉ុង ​និង​កោះរ៉ុង​សន្លឹម​នេះ​ ពី​ព្រោះនៅ​ប្រជុំ​ម្តុំ​ត្រង់​ហ្នឹង សម្បូរ​ទៅ​ដោយជីវៈ​សមុទ្រ​ចម្រុះ​ ដែល​សម្រាប់​ជាចំ​ណីវា​។ ម្យ៉ាង​វិញ​ទៀត​តំបន់​នេះ ​ក៏​ត្រូវ​បាន​ក្រសួង​បរិស្ថាន ​និង​រាជ​រដ្ឋាភិបាល​កំពុង​រៀបចំ​ធ្វើ​ជា​តំបន់​អភិរក្ស​ឧទ្យាន​សមុទ្រ​៕