ព័រ​ទុយ​ហ្គា​ល់​យក​ឈ្នះ​អ៊ីតាលី 1-0 ទោះ​គ្មាន​វត្តមាន Cristiano Ronaldo នៅ UEFA Nations League ប្រកួត​ដំបូង​

271

បាល់ទាត់៖ ​ក្រុម​បេក្ខភាព​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០១៦ ព័រ​ទុយ​ហ្គា​ល់​បាន​ស្វែងរក​ជ័យជំនះ​របស់​ខ្លួន ​ក្នុង​ប្រកួត​ដំបូង​នៅ​កម្មវិធី UEFA Nations League ដែល​បង្កើត​ឡើង​ថ្មី​ជា​ឆ្នាំ​ដំបូង​នៅ​ពូ​ល​ទី​៣ ទៅលើ​ក្រុម​អ៊ីតាលី​កាលពី​យប់​ថ្ងៃ​ចន្ទ​នេះ​។

​​ការប្រកួត​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Estadio da Luz ម្ចាស់ផ្ទះ​ជៀម​រោម​មាស​ ធ្វើការ​សម្រុក​ជា​ខ្លាំង​តាំងពី​ផ្ដើម​ការប្រកួត ​ប៉ុន្តែ​បាន​ត្រឹម​លទ្ធផល​ស្មើគ្នា 0-0 ប៉ុណ្ណោះ ៤៥​នាទី​ដំបូង មុន​ពេល​ឈាន​ជើង​ចូល​វគ្គ​ទី​២ ម្ចាស់ផ្ទះ​ធ្វើ​បាន​ល្អ​ណាស់​ដោយ​អាច​ស្វែងរក​គ្រាប់​នាំមុខ​មុន 1-0 ពី​ការ​ស៊ុត​របស់ Andre Silva នៅ​នាទី​ទី៤៨ ក្រោយ​កា​រ​បញ្ជូន​ដ៏​ល្អ​ចេញពី Bruma។​ ​ខណៈ​ដែល​ការប្រកួត​នេះ​គឺ​មាន​តែ ១​គ្រាប់​នេះ​ប៉ុណ្ណោះ បើ​ទោះ​ជា​អ៊ីតាលី​ព្យាយាម​វាយបក​សង​យ៉ាងណាក៏ដោយ បញ្ចប់​ការប្រកួត​នេះ​គឺ​ព័រ​ទុយ​ហ្គា​ល់ 1 អ៊ីតាលី 0។​

ដូច្នេះ​តាមរយៈ​ជ័យជំនះ​ដែល​អវត្តមាន​កីឡាករ​ឆ្នើម Cristiano Ronaldo ធ្វើ​ឲ្យ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ឡើង​ទៅ​ឈរ​លេខ​១ ពូ​ល​ទី​៣ ដោយមាន​ ៣​ពិន្ទុ ខណៈ​ដែល​អ៊ីតាលី​វិញ​ធ្លាក់​មក​ឈរ​លេខ៣ ​ក្នុង​ពូ​ល​មាន ១​ពិន្ទុ​ក្រោយ​ស្មើ​ជាមួយ​ប៉ូឡូញ​កាល​ ៣​ថ្ងៃមុន​។​ ប្រកួត​បន្ទាប់​គឺ​ព័រ​ទុយ​ហ្គា​ល់ ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ប៉ូឡូញនៅ​ថ្ងៃ​ទី​១១​ ខែ​តុលា ស្រប​ពេល​ដែល​អ៊ីតាលី​ជួប​ប៉ូឡូញ​ ៣​ថ្ងៃ​បន្ទាប់​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ