UN ព្រមាន​ពី​មហន្តរាយ​មនុស្ស​ធម៌​ដ៏ធ្ងន់ធ្ងរ​​នៃ​សតវត្ស​ទី​២១ ខណៈ​មនុស្ស​ ៣​ម៉ឺន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ខេត្ត​អ៊ី​ត​លី​ប​

185

ស៊ីរី៖ អង្គការសហប្រជាជាតិ​បាន​ព្រមាន​ពី​អនុភាព​ដ៏​ខ្លាំងក្លា​ ចំពោះ​គ្រោះ​មហន្តរាយ​ផ្នែក​មនុស្សធម៌ដ៏​អាក្រក់​បំផុត នៃ​សតវត្ស​ទី​២១ ជុំវិញ​ការ​វាយ​សម្រុក​កាន់​តែ​ខ្លាំង​ទៅលើ​ខេត្ត​អ៊ី​ត​លី​ប ដែល​គ្រប់​គ្រង​ដោយ​ពួក​ឧទ្ទាម​ស៊ី​រី ពី​សំណាក់​កងកម្លាំង​របស់លោក​ប្រធានាធិបតី បា​សា អាល់អាសាត។​

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិកំពុង​សម្របសម្រួល ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ដល់​ជំនួយ​ក្នុង​ប្រទេស​ស៊ី​រី​ ដែល​ទទួលរង​គ្រោះ​ដោយ​សង្គ្រាម​បាន​និយាយ​ថា ​មនុស្ស 30.000នាក់​បាន​ជម្លៀស​ខ្លួន​ចេញរួច​ទៅ​ហើយ ស្រប​ពេល​មានការ​វាយប្រហារ​តាម​អាកាស ​ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ និង​ប្រទេស​រុស្ស៊ី ហើយ​មនុស្ស​ចំនួន 800.000នាក់​ផ្សេងទៀត​អាច​ផ្លាស់​ទីលំនៅ ដែល​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ដ៏​ធំ​មួយ​។ ជន​ស៊ីវិល​ដល់​ទៅ ៣​លាន​នាក់​រស់នៅ​តាម​វាលស្រែ និង​មណ្ឌល​កសិកម្ម​របស់​ខេត្ត​អ៊ី​ត​លី​ប ដែល​ត្រូវ​បាន​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​ ដែល​រួមមាន​ក្រុម​អ្នក​ប្រយុទ្ធ​ដ៏​ធំបំផុស​គំនិត​ដោយ​ពួកអាល់​កៃ​ដា​។

​លោក ម៉ាក ឡូ​ខុ​ក ប្រធាន​ការិយាល័យ សម្រាប់ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ របស់​អង្គការ​សហ​ប្រ​ជា​ជាតិបាន​ប្រាប់ សន្និសីទ​សារ​ព័ត៌មាន​ក្នុង​ទីក្រុងហ្សឺ​ណែវកាលពី​ថ្ងៃ​ច័ន្ទ​ថា យើងកំពុង​ត្រៀម​យ៉ាង​យក​ចិត្តទុក​ដាក់​បំផុត សម្រាប់​លទ្ធភាពដែល​ក្រុម​ជន​ស៊ីវិល​ដ៏​ច្រើន​សន្ធឹកសន្ធាប់ នឹងភៀសខ្លួន​ចូល​ទៅ​កាន់​គោលដៅ​ជា​ច្រើន​។ មនុស្ស​ជាង​កន្លះ​លាន​នាក់ត្រូវ​បាន​សម្លាប់​ និងរាប់​លាន​នាក់​ផ្សេងទៀត​ត្រូវ​បាន​ជម្លៀស​ខ្លួន ​ក្នុង​សង្គ្រាមស៊ីវិលរបស់​ប្រទេស​ស៊ី​រី ​ដែល​មាន​អាយុកាល​ ៧​ឆ្នាំ៕

អត្ថបទ៖ សុខ​មាន