សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​ឱ្យ​ការរៀបចំ​ឆ្នាំ​ទេសចរណ៍ វប្បធម៌​កម្ពុជា ​ចិន មាន​ភាព​រស់​វើក

241

ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន ​ ​មានប្រសាសន៍ គាំទ្រ​ និង​ចង្អុល​បង្ហាញថា​ គប្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ឆ្នាំ​ទេសចរណ៍ ​និង​វប្បធម៌​កម្ពុជា ​ចិន​២០១៩ ​នេះ អោយ​មាន​ភាព​រស់រវើក​។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​គាំទ្រ​ ដល់​ការរៀបចំ​ឆ្នាំ​ទេសចរណ៍ ​និង​វប្បធម៌​កម្ពុជា​ចិន​ បែបនេះ​ ខណៈ​អនុញ្ញាត​ឱ្យ ឡ ស៊ូ​កាំ​ង ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​ ចូល​ជួប​សំដែង​ការ​គួរសម ​នៅ​វិមាន​សន្តិភាព ​នា​ព្រឹក​ថ្ងៃទី​៣០ មករា នេះ​។

ក្នុងជំនួប​នោះ លោក ឡ ស៊ូ​កាង បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ទទួល ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កន្លងមក​។ លោក​បាន​មានប្រសាសន៍ថា ក្នុងជំនួប​រវាង​សម្ដេច​ជាមួយ ​នឹង​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ពីង គឺ​បាន​ចង្អុល​នូវ​ផ្លូវ​ដ៏​ត្រឹមត្រូវ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ ​រវាង​ប្រទេស​យើង​ទាំងពីរ ដោយឡែក​ក្នុង​ជំនួប​ជាមួយ នឹង ​ឯកឧត្តម លី ខឺ​ឈាំ​ង​ និង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​នោះ​គឺ​អនុវត្ត​ទៅតាម​ការចង្អុល បង្ហាញ​ដ៏​ត្រឹមត្រូវ​របស់​ប្រ​ធានា​ធ​ប​តី ស៊ី ជិន​ពីង​។

លោក ​បាន​បន្តថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ព្រះ​រាជាណាចក្រ​កម្ពុជា​ពេលនេះ​ គឺ​តាម​ការអនុញ្ញាត​ពី​ឯកឧត្តម ​ស៊ី ជិន​ពីង ​ក៏ដូចជា ឯកឧត្តម លី ខឺ​ឈាំ​ង ដើម្បី​ប្រកាស​នៅ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​រវាង​ ចិន និង​កម្ពុជា ​ក្នុងន័យ​នេះដែរ ​លោក​ក៏បាន​គោរព​ជំរាប​រាយការណ៍​ជូន​សម្ដេច​ថា លោក​ នឹង​ធ្វើការ​ជាមួយ​ នឹង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ក៏ដូចជា​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​ដើម្បី​រៀបចំ​នូវ​សកម្មភាព​ផ្សេងៗ​សម្រាប់​ឆ្នាំ​វប្បធម៌ ​និង​ទេសចរណ៍​យើង​ឆ្នាំ​២០១៩ នេះ ដែល​រួមមាន​ទាំង​ការរៀបចំ​ឲ្យ​មាន​របាំ​និង​សកម្មភាព​ផ្សេងៗ​ទៀត ។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ការរៀបចំ​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​លោក ជំ ទាវ ក្រសួង​វប្បធម៌​កម្ពុជា​។ ​សម្ដេច​តេ​ជោ​ក៏បាន​ចង្អុលបង្ហាញ​ថា​ គប្បី​ធ្វើ​យ៉ាងណា​ឲ្យ​ឆ្នាំ​ទេសចរណ៍ ​និង​វប្បធម៌​យើង​២០១៩​នេះ ​អោយមាន​ភាព​រស់រវើក ​ហើយ​លើសពីនោះ​ទៅទៀត​ សូម​ពិនិត្យមើល​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ​ដែល​មាន​តាំងពី​អតីតកាល​ក៏ដូចជា​ទំនាក់ទំនង​ដែល​មាន​ចារិក​ជា​ប្រវត្តិសាស្ត្រ​នេះ​៕