UN៖ មនុស្ស​ជាង​ ៤០​នាក់​ស្លាប់ ​និង​ប្រមាណ ​៨៥០​នាក់​ត្រូវ​ឃុំ​ខ្លួន​ក្នុង​អំពើ​ហិង្សា​នៅ​វេ​ណេហ្ស៊ុ​យ​អេ​ឡា

664

វេ​ណេហ្ស៊ុ​យ​អេ​ឡា៖ អ្នក​នាំ​ពាក្យ​ផ្នែក​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជាជាតិ​លោក រូ​ផើត ខូ​ល​វី​ឡេ ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤០​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​បាត់​បង់​ជីវិត ​ក្នុង​អំពើ​ហិង្សា​នា​ពេល​ថ្មី​នេះ​នៅ​ប្រទេស​វេ​ណេហ្ស៊ុ​យ​អេ​ឡា រួម​ទាំង​មនុស្ស ​២៦​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល, ៥​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​តាម​លំនៅឋាន និង ​១១​នាក់​ផ្សេង​ទៀត​អំឡុង​ពេល​ឆក់​ប្លន់​។

លោក​បាន​និយាយ​ថា មនុស្ស​ជាង ៨៥០​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ចន្លោះ​ថ្ងៃ​ទី​២១ និង​២៦ ខែ​មករា រួម​ទាំង​កុមារ​ ៧៧​នាក់​ក្នុងចំណោម​ពួកគេ​មាន​អាយុ ១២ឆ្នាំ​។​ លោក ខូ​ល​វី​ឡេ និយាយ​ថា អំឡុង​ថ្ងៃ​តវ៉ា​ដ៏​ធំ​បំផុត​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា មនុស្ស ៦៩៦​នាក់​ត្រូវ​បាន​ឃុំខ្លួន​ទូទាំង​ប្រទេស ជា​ចំនួន​ច្រើន​បំផុត​នៃ​ការ​ឃុំ​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ប្រទេស​វេ​ណេហ្ស៊ុ​យ​អេ​ឡា​​រយៈពេល ​២០​ឆ្នាំ​មកនេះ​។​ លោក​ប្រធានាធិបតី​វេ​ណេហ្ស៊ុ​យ​អេ​ឡា នីកូឡាស់ ម៉ាឌូរ៉ូ បាន​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ពី​សំណាក់ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ចាប់​តាំង​ពី​ចាប់ផ្ដើម​ការ​តវ៉ា។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ព្រមាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក ម៉ាឌូរ៉ូ អាច​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ដោយ​ហិង្សា ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​៕

អត្ថបទ៖ សុខ​មាន