សមត្ថកិច្ចអន្តោប្រវេសន៍បន្តបណ្តេញជនជាតិចិន១៣នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា

548

ភ្នំពេញ  ៖ ជនជាតិចិន ១៣នាក់ ក្នុងនោះ ស្រី០២នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍បន្តបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ។
ប្រភព័ត៌មានដែលទទួលបានអោយដឹងថា ក្រោមការបញ្ជារដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយសមត្ថកិច្ចមកពីប្រទេសចិន ធ្វើការបណ្ដេញជនជាតិចិនចំនួន ១៣នាក់-ស្រី០២នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
ជនជាតិចិនទាំង១៣នាក់នេះ គឺជាឧក្រិដ្ឋជនដែលរត់គេចពីប្រទេសចិន មកសំងំលាក់ខ្លួនផលិតបារីក្លែងក្លាយក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំចេញទៅលក់នៅប្រទេសចិន និងប្រទេសផ្សេងៗទៀត។

ក្រុមឧក្រិដ្ឋជនទាំងនេះត្រូវបានកម្លាំងចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ដោយមានការសម្របសម្រួលពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ធ្វើការបង្ក្រាបបាននៅទីតាំងប្រព្រឹត្តបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ នៅទឹកដីខេត្តកណ្ដាល។
ក្នុងការបណ្តេញឧក្រិដ្ឋជនជនជាតិចិនទាំង ១៣នាក់ ក្នុងនោះ ស្រី០២នាក់ នេះ ក៍មានសមត្ថកិច្ចចិន បានយកយន្តហោះពិសេសចំនួន ០១គ្រឿងមកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់នៅទីក្រុងសៀងហៃ ប្រទេសចិន ៕