អេ អាំម៉ារីនភូថង បន្តឈ្នះ ការប្រកួតសន្សំប្រាក់លាន WURKZ

(ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរ អេ អាំម៉ារីនភូថង នៅតែធ្វើបានល្អនៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក្នុងការប្រកួតសន្សំប្រាក់លានរបស់ក្រុមហ៊ុនភេសជ្ជៈ WURKZ ម្សិលមិញ។

កីឡាកររបស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃរូបនេះ បានយកឈ្នះកីឡាករ ឡុង ខេត្ត ដោយពិន្ទុ។ នេះជាជ័យជំនះលើកទី១០របស់គេ។

ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម មកដល់ពេលនេះមិនទាន់មានកីឡាកររូបណាអាចបញ្ឈប់ដំណើរសន្សំប្រាក់លានរបស់ អេ អាំរីនភូថងនៅឡើងទេ ហើយតាមរយៈជ័យជំនះនេះ ធ្វើឱ្យប្រាក់រង្វាន់ឡើងដល់១០ ០០០ ០០០រៀល។

ចំនែកការប្រកួតមិត្តភាពលក្ខណៈជាតិ ម៉ន ភារម្យ ក្លិបការិយាល័យទី៥កងទ័ពជើងគោក ចាញ់ពិន្ទុ កីឡាករ រិទ្ធ សាស្ត្រាវុធ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប និង ធី វ៉ារិទ្ធ ក្លិបអាណាចក្រគុនខ្មែរ ឈ្នះពិន្ទុកីឡាករ ណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង៕

រូបតំណាង

អត្ថបទ៖ គង់ ហួន

រូបភាព៖ លឹម រ៉ាឌី