លោក ត្រាំ៖ ពេលវេលា និង​ទីតាំង​សម្រាប់​ជំនួប​កំពូល​ជាមួយ​លោក​ គីម ត្រូវ​បាន​កំណត់​រួចហើយ

386

អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ពេលវេលា​ និង​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ​ជាមួយ​លោក​ គីម ​ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាង​ជើង​ត្រូវ​បាន​ព្រម​ព្រៀង​គ្នា​ ប៉ុន្តែ​លោក​មិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ ​ហើយ​បាន​និយាយ​ថា​ ទីតាំង​ និង​ពេលវេលា​នឹង​ត្រូវ​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​។

រដ្ឋមន្ត្រី​ការបរទេសលោក ​ម៉ៃ ផុមផូ បាន​និយាយ​​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា លោកកំពុង​បញ្ជូន​ក្រុម​ការងារ​ដើម្បី​រៀបចំ​សម្រាប់​ជំនួប​កំពូល ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ទីតាំង​ណាមួយ​ក្នុង​តំបន់​អាស៊ី​នៅ​ចុងខែ​កុម្ភៈ​នេះ​។​ កិច្ចប្រជុំ​កំពូល​កាលពី​ឆ្នាំមុន ដែល​បាន​ធ្វើឡើង​នៅ​​សិង្ហបុរីកាលពី​ខែ​មិថុនា គឺជា​ព្រឹត្តិការណ៍​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក​ក្នុង​តំណែង​ និង​មេដឹកនាំ​កូរ៉េខាងជើង​។​ កិច្ចប្រជុំ​នេះ​បាន​នាំមក​ការ​ប្ដេជ្ញា​ចិត្ត​មិន​ច្បាស់​របស់​លោក ​គីម ​ក្នុង​ការ​ធ្វើការ​ឆ្ពោះ​ទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ​ប៉ុន្តែ​លោក​មិនទាន់​បង្ហាញ​ពី​ចំណាត់​ការ​ជាក់​ស្ដែង​ ដើម្បី​បញ្ចប់​ទៅតាម​គំនិត​របស់​ក្រុង​វ៉ាស៊ីនតោន​នោះ​ទេ​។

លោក ត្រាំ បាន​និយាយ​ថា​ លោក​កំពុង​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ជាមួយ​កូរ៉េខាងជើង​ ប៉ុន្តែ​មិន​បាន​ផ្ដល់​ភស្តុតាង​ណាមួយ​ឡើយ​។​ លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ និយាយ​ថា ឥឡូវនេះ​គ្មាន​ការ​សាក​ល្បង​មី​ស៊ី​ល​ទេ​។ គ្មាន​ការ​សាក​ល្បង​រ៉ុកកែត​ទេ​។ គ្មាន​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ទេ​។ យើង​នាំ​យក​អ្នកទោស ​ឬ​ចំណាប់ខ្មាំង​របស់​យើង​ត្រឡប់​មក​វិញ​ហើយ​ យើង​នឹង​យក​អដ្ឋិធាតុ​ទាហាន​អាមេរិករបស់​យើង​ត្រឡប់មកវិញ​។ ​ពួកគេ​កំពុង​ចូល​មក​ហើយ​ យើង​បាន​រៀប​ចំ​ពិធី​ដ៏​សមរម្យ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​ហា​វ៉ៃ​ (Hawaii)

អត្ថបទ៖ សុខ​មាន