ADB នឹង​បន្ត​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​សុខភាព អនាម័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​

177

ភ្នំពេញ៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នឹង​បន្ត​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អភិ​វឌ្ឍន៍ជនបទ លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត សុខភាព អនាម័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​។​

​​ក្នុង​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួង អភិវឌ្ឍន៍ជនបទ កាលពី​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ លោកស្រី Sunniya Durrani Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នឹង​បន្ត​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត សុខភាព អនាម័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​។

ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន ស្វាគមន៍​ចំពោះ លោកស្រី Sunniya Durrani Jamal និង​សហការី ព្រមទាំង​បាន​ជម្រាបជូន អំពី​វឌ្ឍនភាព និង​សមិទ្ធផល​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​សម្រេចបាន​ក្នុង​រយៈពេល ៥ ឆ្នាំកន្លងមក ដែល​ក្នុងនោះ ​មាន​ធនាគារអភិវឌ្ឍន៍អាស៊ី បានរួម​ចំណែក​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ហើយ​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ដែលមាន​ចំណូល​ទាប មកជា ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។​

ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​បន្តថា សម្រាប់​អាណត្តិ​ថ្មី ២០១៨២០២៣ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដោយឡែក​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក៏បាន​រៀបចំ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ជនបទ​រយៈ​ពេល ៥ ឆ្នាំ ផងដែរ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​ផ្ដោតទៅលើ​វិស័យ​សំខាន់ៗ​ចំនួន ៤ គឺ​៖​ទី ១​គឺ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ,​ទី​២ ការអប់រំ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ ,​ទី​៣ ការបង្កើត​ឱកាស​កា​ងារ ឬ​មុខរបរ​ផ្សេងៗ​តាមរយៈ​ការបណ្ដុះបណ្ដាល​មុខវិជ្ជា​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​ជនបទ និង​ទី​៤ ការពង្រឹង​ស្ថាប័ន និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​លើកស្ទួយ​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ។

ឯកឧត្ដម​បណ្ឌិត​រដ្ឋ​មន្ដ្រី បាន​ជម្រាបជូន​ភ្ញៀវ​អំពី​សេចក្ដីត្រូវការ​ចាំបាច់រ​បស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​គឺ ការស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ពី​តំបន់​ដាច់ស្រយាល​ទៅ​ទីប្រជុំជន ទីផ្សារ និង​តំបន់​ដែល​ទទួល​សេវាសាធារណៈ ៕​