យុវជន​កាក​បាទ​ក្រហម​កម្ពុជា ​ជា​កម្លាំង​ស្នូល​យ៉ាង​សំខាន់​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​

129

កំពត៖ យុវជន​កាក​បាទ​ក្រហម​កម្ពុជា​ទូទាំង​ប្រទេស ស​រុប​មាន​ចំនួន​ជិតពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់​ ហើយ​ពួក​គេជា​កម្លាំង​ស្នូល​យ៉ាង​សំខាន់​សម្រាប់​កម្មភាព​មនុស្ស​ធម៌​ ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត ​និង​ការ​លះប​ង់​ខ្ពស់​។ យុវជ​ន​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត​។

នៅ​ក្នុង​ពិធី​បំពាក់​ឯក​សណ្ឋាន​ជូន​ដល់​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​ចំនួន​៥៤៤​នាក់​នៅ​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នេះ ឯកឧត្តម ជាវ តាយ ប្រធាន​កិត្តិយស​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត​ បាន​លើក​ឡើង​ថា ​យុវជន​ទាំង​អស់​គឺ​ជា​កម្លាំង​ពិត​របស់​កាក​បាទ​ក្រហម​កម្ពុជា​។​ នៅ​ទូទាំង​ប្រទេស​យុវជន​កាក​បាទក្រហម​មាន​ចំនួន​សរុប​២៤,៩០៥​នាក់ ​នៅ​ពេល​ជួប​គ្រោះ​មហន្ត​រាយ​ម្តង​ៗ​ យុវជន​កាក​បាទ​ក្រហម​តែងតែ​ចូលរួ​ម​យ៉ាង​សស្រាក​សស្រាំ។​ ដោយ​ឡែក​ខេត្ត​កំពត​ ដើម្បី​បំពេញ​បន្ថែម ​និង​ជំរុញ​ការងារ​មនុស្ស​ធម៌​ឲ្យ​កាន់​តែ​ប្រសើរ ​សាខា​កាក​បាទ​ក្រហម​កម្ពុជា ​នឹង​ធ្វើ​ការ​ជ្រើស​រើស​យុវជន​ក្នុង​មួយ​ឆ្នាំ​ចំនួន​ មួយ​ពាន់នាក់ ​ហើយ ​សាខាកា​ក​បាទ​ក្រហម​ត្រូវ​ចេញ​ថ្លៃ​ឯក​សណ្ឋាន ​មួក ​និង​កន្សែង​ជូន ​ចំពោះ​យុវជន​ដែល​បានស្ម័គ្រ​ចិ​ត្ត​ចូល​រួម​ ព្រោះ​ពួក​គេ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ផ្តល់​សេវា​កម្ម​មនុស្ស​ធម៌​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត ​និងលះ​បង់​ខ្ពស់ ​។

ឯក​ឧត្តម​បាន​បញ្ជាក់​ថា ​នៅ​គ្រប់​សម័យ​ គ្រប់​សង្គម​ យុវជន ​មិន​ត្រឹម​តែ​ជា​កម្លាំង​ដ៏​ស្រួច​ស្រាវ​ មាន​ទាំងកម្លាំង​កាយ ​កម្លាំង​ចិត្ត ​និង​ស្មារតី​ភ្លឺស្វាង​ មាន​ទឹកចិត្ត​ក្លាហាន ​ពុះ​ពាគ្រប់​ឧបសគ្គ ​និង​ការ​លំបាក​នានាប៉ុណ្ណោះ​ទេ ​យុវជន​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ​នាពេ​លប​ច្ចុប្បន្ន​ និ​ង​ទៅ​អនាគត​។

នៅក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្តម ក៏បាន​ផ្តាំ​ផ្ញើ​ដល់ ​ថ្នាក់​ដឹកនាំ ​សមាជិក​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត​ ត្រូវ​យកចិ​ត្ត​ទុក ​ក្នុង​ការ​ងារ​ដឹក​នាំ ​និង​ផ្តល់​ឱកាស​ឲ្យ​យុវជន​ អាច​ទទួល​យក​បំណិត​ជីវិត ​មិន​ត្រឹម​តែ​ចេះ​សង្គ្រោះ​មិត្តភក្កិ ​និង​អ្នក​ដទៃ​ទេ ​តែ​ត្រូវ​ចេះ ​បង្កើន​សមត្ថភាព ​និង​ការ​អប់រំ​របស់​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ​។​

ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​ សែន ​កាក​បាទ​ក្រហម​កម្ពុជា​ទទួល​បាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់ ​ពិសេស​ផ្នែក​ការងារ​អភិវឌ្ឍ​ស្ថាប័ន​ អភិវឌ្ឍន៍​ធន់ធាន ​និង​កសាង​ធនធាន​មនុស្ស​ ធ្វើឲ្យកាក​បាទ​ក្រហម​កម្ពុជា​មាន​កម្លាំង​គាំទ្រ​កាន់​តែ​ច្រើន ​និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​បេសកម្ម​មនុស្ស​ធម៌​ នៅ​គ្រប់​ទី​កន្លែង ។​  ដោយ​សារ​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​វិស័យ​ស្នូល​ទាំង​បួន​ គួប​ផ្សំ​ជាមួយ​នឹង​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ ​ទូទាំង​ប្រទេស ​និង​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈ​ដ្ឋាន​អន្តរជាតិ ​ទើប​កិត្យានុភាព​ របស់​កាក​បាទ​ក្រហម​កម្ពុជា ​ត្រូវ​បាន​លើក​កម្ពស់​លើ​ឆាក​អន្តរជាតិ ​ហើយ​កាក​បាទ​ក្រហម​កម្ពុជា​ក៏​បាន​ក្លាយ​ជា​កាក​បាទ​ក្រហម​ឈាន​មុខ​ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ចំនួន​១៩១​ប្រទេស​នៅ​លើ​សកលលោក​៕