ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត ៖ ​​បើចង់ឈ្នះ​ គួរខំ​បម្រើពលរដ្ឋ ​ជាជាង​ដើរ​អុជអាល បំផ្លាញ​ប្រទេស​ខ្លួនឯង​

275

កំពត ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុនម៉ា​ណែ​ត ​​មាន​ប្រសាសន៍​ថា ​បើ​ចង់​ឈ្នះ​ខំប្រឹង​ទៅ​ ខិតខំ​បម្រើ​ប្រជាពលរដ្ឋ កុំ​ដើរ​អុជអាល​ប្រជាពលរដ្ឋ ​កងកម្លាំង​ប្រដាប់ អា​វុ​ធ​បំផ្លាញ​ប្រទេស​ខ្លួនឯង ​ដើម្បី​មហិច្ឆតា​នយោបាយ​ខ្លួនឯង ​ហើយ​អាង​តែ​ខ្លួនឯង ​មាន​លិខិតឆ្លងដែន​ បរទេស​ងាយស្រួល​ទៅ​នៅ​បរទេស​ទុក​ឱ្យ​ប្រទេស​វេទនា​ ប្រជាជន​នៅ​វេទនា​ ហើយ​ខ្លួនឯង​រត់ទៅ​ក្រៅ​នោះ កុំ​សង្ឃឹម​។

ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​ ផ្ញើសារ​នយោបាយ​ទៅកាន់​បក្ស​ប្រឆាំង ​ដែល​កំពុង​និទ្ទេស​ខ្លួន​បរទេស​ ​បែបនេះ ​ ​ក្នុង​​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​គោក​ប្រចាំឆ្នាំ​២០១៩ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​នានា​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ថ្ងៃ​សៅរ៍ ទី​២ កុម្ភៈ ២០១៩​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត ​​បានបញ្ជាក់​ទៀត​ថា ​អ្នកនយោបាយ​ខ្លះ​បាន​ប្រៀប​ធៀប​កម្ពុជា​ ទៅ​នឹង​ប្រទេស venezuela​។ ​ប៉ុន្តែ​សូម​កុំភ្លេច​ថា ​តួអង្គ​នេះ ​មិនដែល​ជួយ​អ្វី​ដល់​ស្រុក​ខ្មែរ​នោះទេ​ ក្រៅពី​បំផ្លិចបំផ្លាញ​ក្រៅពី​ញុះញង់​ ដើម្បី​អំណាច​ផ្ទាល់ខ្លួន​។ ប្រជាពលរដ្ឋ​កំពុងតែ​មាន​សេចក្តី​សុខ ​ដឹកនាំ​ធ្វើបាតុកម្ម ​តាម​រោងចក្រ ​តាម​បន្ទាត់​ព្រំដែន ដើរ​បំផុស​ចលនា​អោយ​បរទេស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ​ធ្វើបាប​ប្រជាជន​ខ្លួនឯង​។ ​ហើយ​លើក​នេះ​ ដើរ​បំផុស​ចលនា​ដល់​កងកម្លាំង​។

ជាមួយគ្នានោះដែរ​ ឯកឧត្តម ហ៊ុន​ម៉ា​ណែ​ត ​បាន​ផ្ដាំផ្ញើ​ ​ដល់​ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សម្រាប់​យើង ​គ្រួសារ​យើង ​និង​ប្រទេសជាតិ​យើង ថែរក្សា​សុខ​សន្តិភាព និង​សេចក្តីសុខ​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ ព្រោះ​ថាបើ​មាន​អសន្តិសុខ​ហើយ​ មាន​ច្បាំង​គ្នា​ហើយ​ ប្រទេស​ហែក​គ្នា​ហើយ ប្រជាពលរដ្ឋ​មើល​មុខ​គ្នា​មិនត្រូវ​ហើយ​ ហ្នឹងហើយ​ គឺជា​អសន្តិសុខ គ្មាន​សេចក្តីសុខ​នៅក្នុង​ចិត្ត​សម្រាប់​កាយ​របស់​យើង​។ ​នេះ​គឺជា​អ្វីដែល​យើង​ត្រូវ​ចងចាំ​ទាំងអស់គ្នា​ហើយ​កងកម្លាំង​ទាំងអស់​ត្រូវ​អោយ​ច្បាស់ ​នឹង​ពាក្យ​សន្តិភាព​។ ​សេចក្តីសុខ​ប្រទេស​របស់​យើង​មិន​ត្រឹមតែ​ជា​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​នោះទេ ​ប៉ុន្តែ​ជា​សេចក្តីសុខ​ប្រទេស​នៅក្នុង​តំបន់ ​និង​ភាគី​មិត្ត​ទាំងអស់​។​ ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ចងចាំ​តួនាទី​និង​ភារកិច្ច​ ត្រូវតែ​ស្មោះត្រង់​ដាច់ខាត និង​ការ​ជាតិ​សាសនា ​ព្រះមហាក្សត្រ​ និង​ការពារ​រដ្ឋធម្មនុញ្ញ ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ប្រជាពលរដ្ឋ​។

​​ក្នុងឱកាសនោះ​ ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត សូម​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ប្រកបដោយ​សេចក្តី​នឹករលឹក​និង​មនោសញ្ចេតនា​ជ្រាលជ្រៅ​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដឹកនាំ​ក្រសួងការពារជាតិ​អគ្គបញ្ជាការ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ជូន​ចំពោះ​ឯកឧត្តម អស់លោក លោកស្រី ភ្ញៀវកិត្តិយស ដែល​នៅទីនេះ​និង​នាយទាហាន ​នាយទាហានរង ពលទាហាន​នៅក្នុង​យោធភូមិភាគ​ទី​៣ ​និង​សូម​អបអរសាទរ​ចំពោះ​សិក្ខាកាម​និង​យោធា​ចា​រ្យ​ទាំងអស់​ដែល​បានបញ្ចប់​ជំនាញ​ព្រំដែន​ដោយ​ជោគជ័យ​។​ សូម​កោតសរសើរ​និង​អរគុណ​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តកំពត​ ដែល​បាន​បំពេញភារកិច្ច​នៅក្នុង​ការ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម សេចក្តី​សុខ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង​។

ឯកឧត្តម ហ៊ុន​ម៉ា​ណែ​ត មាន​ប្រសាសន៍បន្ថែម​ទៀត​ថា ការ​សម្ពោធ​សមិទ្ធផល​នៅថ្ងៃនេះ ​គឺ​ស្របពេល​នឹង​ប្រទេសជាតិ​មានការ​រីកចម្រើន ​និង​ទទួល​បាន​សេចក្តីសុខ​សន្តិភាព ស្ថិរភាព និង​ភាព​សប្បាយ​រីករាយ​រប​ស់​ប្រជាពលរដ្ឋ​។​ នៅក្នុង​ខណៈ​ប្រជាពលរដ្ឋ​ មាន​សុខ​សន្តិភាព​មាន​ភាពសប្បាយ​រីករាយ ​ភារកិច្ច​របស់​កង​កម្លាំ​ង​ប្រដាប់​អាវុធ​ត្រូវ​ត្រៀម​ជានិច្ច​ ដើម្បី​ការពារ​បូរណភាព​ទឹកដី ​ការពារ​សុខ​សន្តិភាព សន្តិសុខ​ជូន​ប្រជាជន​គ្រប់​ពេល​ទាំងអស់​៕