អង្គការ WWF-​កម្ពុជា​គាំទ្រ​រដ្ឋាភិបាល​អនុម័ត​ផែនការ​គ្រប់គ្រង​តំបន់​ការពារ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​

50
រូបឯកសារ

មណ្ឌលគិរី៖ អង្គការ WWF-​កម្ពុជា បាន​អបអរសាទរ​ចំពោះ​សេចក្ដី​សម្រេច ​របស់​រាជរដ្ឋាភិបាល​កម្ពុជាដែល​បាន​អនុម័ត​ជា​ផ្លូវការ ​នូវ​ផែនការ​គ្រប់​គ្រង់​តំបន់​ការពារនៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក ​(SWS) ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចការពារ​ជីវៈ​ចម្រុះ ​និង​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF-​កម្ពុជា​កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​ចេញ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នឹង​ធានា​បាន​នូវ​កិច្ច​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព​ ប្រឆាំង​នឹង​បទល្មើស​បរិស្ថាន​ដូចជា ការ​បរបាញ់​សត្វព្រៃ​ខុស​ច្បាប់, ការ​កាប់​បំផ្លាញ​ព្រៃ និង​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​។ ការកំណត់​តំបន់​ក្នុង​តំបន់​ការពារ​ បញ្ជាក់​ពី​ការ​ខណ្ឌ​ចែក​ព្រំប្រទល់​យ៉ាង​ច្បាស់ ទៅតាម​ប្រភេទ​នៃ​ការប្រើប្រាស់​ដី​នានាដូចជា​៖ តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើ​ប្រាស់​ប្រកប​ដោយ​ចីរ​ភាព និង​តំបន់​សហគមន៍​។ សេចក្ដី​ប្ដេជ្ញា​នេះនឹង​បង្កើន​ឱ្យ​មាន​ការចូលរួម ​យ៉ាង​កុះករ​ពី​សហគមន៍​មូលដ្ឋាន ពីព្រោះ​វា​បាន​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ​ក្នុង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ដ៏​សម្បូរ​បែប​ក្នុង​ប្រទេស​កម្ពុជា​។​ ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពកដែល​មាន​ផ្ទៃដី​សរុប ៣៧៣.០០០​ហិកតា ជា​ជម្រក​សម្រាប់​ប្រភេទ​សត្វ​កំពុង​រងគ្រោះ​ជាស​កល​ជាច្រើន​ដូចជា ដំរី​អាស៊ី ខ្លារខិន ខ្លា​ពពក ទន្សោង ត្រយង​យក្ស ត្រយង​ចង្កំ​ក​ស និង​ក្រពើ​ភ្នំ​។ វា​ធ្លាប់​ជា​ជម្រក​របស់​សត្វ​ខ្លាធំ ហើយ​វា​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជាទី​តាំង​អាទិភាព ​សម្រាប់​កម្មវិធី​ស្ដារ​សត្វ​ខ្លាធំ​ឡើងវិញ​។ បន្ថែម​លើស​នេះ​ទៀត វា​ក៏​មាន​សារសំខាន់​ផង​ដែរក្នុង​បរិបថ​​សង្គម និង​វប្បធម៌​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច ​ដែល​រស់​នៅ​ក្នុង​ដែន​អាណាចក្រ​ព្រៃឈើ​។

លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជាបាន​ថ្លែង​ថា “​ការ​អនុម័ត​ផែនការ​គ្រប់គ្រង​តំបន់​ការពារ​នេះ នឹង​អនុញ្ញាត​ឱ្យ​ឧទ្យា​នុ​រក្ស​អនុវត្ត​ច្បាប់ ​តំបន់​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព និង​បញ្ឈប់​ការទន្ទ្រាន​យក​ដី​ខុសច្បាប់​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​។ ជាពិសេសវា​ជា​ជំហាន​ធំ​មួយទៀត​ សម្រាប់​ការ​ធានា​បាន​នូវ​តំបន់​សុវត្ថិភាព ​សម្រាប់​កម្មវិធី​ស្ដារ​សត្វ​ខ្លាធំ​ឡើងវិញ​”​។​ លោក​បាន​បន្ថែម​ទៀត​ថា “​យើង​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និត​ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​ថា​តំបន់​គ្រប់គ្រង​ទាំងនេះត្រូវ​បាន​អនុវត្ត ពង្រឹង និង​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​”​។ ព្រៃឈើ​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ប្រភេទ​សត្វព្រៃ​ កំពុង​រងគ្រោះ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​ការ​ចាំបាច់​ណាស់​ក្នុង​កិច្ច​ការពារ​ប្រភេទ​សត្វ​ទាំង​អស់​នេះ ប្រសិនបើ​យើង​ចង់​ជួយសង្គ្រោះ​ប្រភេទ​សត្វ​ទាំង​អស់​នេះ​។​ ព្រៃឈើ​ក៏​ផ្ដល់​សេវាកម្ម​ធម្មជាតិ​សំខាន់ៗ ដូចជា​ធនធានធម្មជាតិ​សម្រាប់​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន រួមមាន​ផលិតផល​អនុផល​ព្រៃឈើ​ ដូចជា​ប្រភេទ​រុក្ខជាតិ​ឱសថ ទឹកឃ្មុំ និង​ជ័រ​ឈើ​។

ព្រៃឈើ​ក៏​មាន​សារសំខាន់​ក្នុង​ការ​ចាប់​យក និង​ស្តុក​ទុក​កាបូន ព្រមទាំង​ការពារ​ទឹកជំនន់ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំងស្ងួត​។ ដូច្នេះ​ហើយព្រៃឈើ​ដែល​ជា​ជម្រក​ទាំងនេះ​ មានគុណ​តម្លៃ​យ៉ាង​ខ្លាំង​សម្រាប់​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​ប្រទេស​កម្ពុជា​។​ ជាមួយ​គ្នា​នេះអង្គការ WWF-​កម្ពុជាបាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គៀង​គរ​ធនធាន និង​សមត្ថភាព​ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល ​ក្នុង​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព និង​ការពារ​ទីតាំង​តំបន់​ការពារ​នានា​សម្រាប់​ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ​៕