ជនអន្តោប្រវេសន៍​​ ៤នាក់​ព្យាយាម​​ហែល​ឆ្លង​ស្ទឹង​​រីយ៉ូហ្រេន​ទៅ​កាន់​សហរដ្ឋ​អាមេរិក

178

ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍​​អែលសាល់វ៉ាឌឺ ៤នាក់​​ព្យាយាម​​មិន​បាន​ជោគ​ជ័យ​ ​ក្នុង​ការ​​ហែល​ទឹក​​ឆ្លង​ស្ទឹង​​រីយ៉ូហ្រេន​ចេញ​ពី​តំបន់​​​ពីក្រាសណេហ្រាស​ប្រទេស​ម៉ិកស៊ិក ​ទៅ​កាន់​តំបន់​អ៊ីហ្កលផាស​របស់​រដ្ឋ​តិច​សាស​​កាល​ពី​ថ្ងៃ​អាទិត្យ​​ មុន​ពេល​​ពួក​គេ​ត្រូវ​បាន​​ចាប់​ខ្លួន​​បញ្ជូន​ត្រឡប់​មក​​ក្រោយ​វិញ​ ដោយ​កង​កម្លាំង​ល្បាត​​ព្រំដែន​​នៅ​ផ្នែក​ព្រំដែន​​សហរដ្ឋ​អាមេរិក។

ក្រុម​អន្តោប្រវេសន៍​​ទាំង​នេះ​​បាន​ប្រាប់​​ភ្នាក់ងារ​ព័ត៌មាន​​រ៉យទ័រ​ថា ពួក​គេ​បាន​​ឆ្លង​ទៅ​ជិត​ដល់​គោល​ដៅ​​ នៅ​ពេល​ដែល​ក្រុម​ភ្នាក់ងារ​​ល្បាត​ព្រំដែន​ ​បាន​តាម​ប្រដេញ​ចាប់​ឲ្យ​វិល​​ត្រឡប់​​ទៅ​ក្រោយ​វិញ និង​បាន​​​និយាយ​ថា ​ពួក​គេ​ត្រូវ​​ហែល​ទឹក​​ត្រឡប់​​ក្រោយ​វិញ​ កាត់​តាម​​ស្ទឹង​ដ៏​ត្រជាក់​ទៅ​កាន់​​ទឹក​ដី​ព្រំដែន​​ក្នុង​ប្រទេស​ម៉ិកស៊ិក។ ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​​នៅ​តាម​បណ្ដោយ​ព្រំដែន​ ​ដោយ​មាន​ភ្នាក់ងារ​​ល្បាត​ព្រំដែន​​បង្ហាញ​វត្តមាន​​ របស់​ពួក​គេ​នៅ​ទី​នោះ​ ដែល​គេ​បាន​​ដឹង​ថា ​មាន​ជនអន្តោប្រវេសន៍​​អាមេរិក​កណ្ដាល​ប្រហែល ២ពាន់​នាក់​ រង់​ចាំ​បំពេញ​​ឯកសារ​​នៅ​តាម​ទីជម្រក​អន្តោប្រវេសន៍​​បណ្ដោះ​អាសន្ន​​ នៅ​តាម​​ទឹក​ដី​​ព្រំដែន​​ប្រទេស​ម៉ិកស៊ិក៕

អត្ថបទ៖ រិទ្ធី