អាជ្ញាធរ​សវនកម្ម​ជាតិ ចុះ​ធ្វើ​ស​វន​កម្ម​លើ​មន្ទីរ​អង្គភាព​ចំនួន​២២​ក្នុង​ខេត្តស្ទឹងត្រែង​

103

ស្ទឹងត្រែង៖ អាជ្ញា​ធរ​សាវ​កម្ម​ជាតិ បាន​ត្រៀម​ចុះ​ធ្វើ​សវនកម្ម​លើ​មន្ទីរ​អង្គភាព​ចំនួន​២២​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្នុង​នោះ ​ទាំង​អង្គភាព​រដ្ឋបាល​សាលាខេត្ត​ស្ទឹងត្រែង​ផងដែរ​។ ការ​ចុះ​ធ្វើ​សា​វន​កម្ម​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ថា្នក់​ក្រោម និង​ពង្រឹង​ការគ្រប់គ្រង​ការ​រក្សា​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

ឯកឧត្ដម ឈាង ឡាក់ អភិបាលរង​ខេត្ត​ស្ទឹងត្រែង​ មាន​ប្រសា​ស​ក្នុង​ឱកាស​អញ្ជើញ​ជួប​ប្រជុំ​ជាមួយ គណៈប្រតិភូ​សាវ​កម្ម​ជាតិ ដែល​ដឹកនាំ​ដោយ លោក ហ៊ាង ពុទ្ធា​រិ​ទ្ធ ប្រធាន​គណៈប្រតិភូ បាន​ឲ្យ​ដឹងថា ក្រុមការងារ​គណៈប្រតិភូ​សា​វន​កម្ម​ជាតិ និង​ធ្វើ​សា​វន​កម្ម​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ទាំងនេះ​ជា​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ជាតិ និង​មន្ត្រី​ថ្នាក់​មូលដ្ឋាន ឲ្យ​ពួកគេ​កាន់តែ​អនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ ស្របតាម​គោលនយោបាយ​កំណែទម្រង់ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ឯកឧត្ដម បន្តថា ការធ្វើ​សាវ​កម្មនេះ​ជាការ​អនុវត្ត​សកម្មភាព​មួយ ដែល​អនុ​ឡោម​តាម​បទ​ប​ញ្ញាតិ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​សំខាន់ៗ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព ការងារ​គ្រប់គ្រង​នឹង​ដឹកនាំ​ជាក់​ស្តែង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។ ម្យ៉ាងវិញទៀត ការងារ​សវនកម្ម​នេះ​ក៏​ជា​គោលដៅ អភិក្រម​អភិបាលកិច្ច​ល្អ​និង​កំណែទម្រង់​ស៊ីជម្រៅ និង​ជា​ការ​ដាក់ចេញ​ក្នុង​មុំ​នៃ​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក ហ៊ាង ពុទ្ធា​រិ​ទ្ធ ប្រធាន​គណៈប្រតិភូ​សាវ​ណ​កម្ម​ជាតិ ​បាន​បញ្ជាក់​ថា ការចុះ​ធ្វើ​សា​វន​កម្ម​លើ​មន្ទីរ​អង្គភាព​ចំនួន​២២ ក្នុង​ខេត្ត​ស្ទឹងត្រែង អនុ​ឡោម​តាម​លិខិត​លេខ ០០៥/១៩ អ​សជ សន ចុះ​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០១៩ របស់​អាជ្ញាធរ​សា​វន​កម្ម​ជាតិ ដែល​និង​ត្រូវ​ចុះ​ធ្វើ​សាវក​ម្ម ចាប់បី​ថ្ងៃទី​១១ ខែ​កុម្ភៈ នេះ​តទៅ​និង​ធ្វើ ជា​បន្តបន្ទាប់​នៅតាម​មន្ទីរ​អង្គភាព​នីមួយៗ តាម​ការវិភាគ​ដែល​គណៈប្រតិភូ​សវនកម្ម បាន​រៀបចំ​ទុកជា​ស្រេច​។​

ដើម្បី​ឲ្យ​ដំណើរការ​សវនកម្ម​ប្រព្រឹត្ត​ទៅបាន​ដោយ​រលូន លោក ហ៊ាង ពុទ្ធា​រិ​ទ្ធ បាន​ស្នើរ​សុំ​ឲ្យ​តាម​មន្ទីរ​អង្គភាព​ទាំង​២២​ជុំវិញ​ខេត្តស្ទឹងត្រែង​ត្រូវ​ត្រៀម​រួចជាស្រេច​នូវ​ឯកសារ​សំខាន់ៗ​នៅ​ក្នុង​អង្គភាព​ខ្លួន ពិសេស​ពាក់ព័ន្ធ​និង​ការគ្រប់គ្រង ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ជាដើម។

ប្រធាន​ប្រតិ​ភូសា​វន​កម្ម​ជាតិ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​មិន​ត្រឹមតែ​ពិនិត្យ​ទៅលើ​របាយការណ៍ និង​ឯកសារ​នានា​របស់​មន្ទី​រ​អង្គភាព​ទាំង​២២​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ​ក្រុមការងារ​និង​ពិនិត្យ​ផ្ទាល់​ផង​ដែរ​ពាក់ព័ន្ធ​និង​ទ្រព្យសម្បត្តិ​រដ្ឋ ហើយ​សូម​ឲ្យ​មន្ត្រី​តាម​មន្ទីរ​អង្គភាព​ដែល​និង​ត្រូវ​ចុះ​ធ្វើ​សវនកម្ម ជួយ​សម្រួល​និង​ផ្តល់​ភាពងាយស្រួល​ដល់​ក្រុមការងារ​សវនកម្ម បាន​អនុវត្ត​ការងារ​ដោយ​ជោគជ័យ​។​

សូម​បញ្ជាក់​ថា មន្ទីរ​អង្គភាព​ទាំង​២២​ដែល​ក្រុមការងារ​សវនកម្ម​ជាតិ​ចុះ​ធ្វើ​សវនកម្ម​រួមមាន អង្គភាព​រដ្ឋបាល​សាលាខេត្ត​ស្ទឹងត្រែង មន្ទីរ​អភិវឌ្ឍន៍​ជនបទ មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មន្ទីរ​រ៉ែ ​និង​ថាមពល មន្ទីរ​ព័ត៌មាន​មន្ទីរ​ទេសចរណ៍ មន្ទីរអប់រំ​យុវជន​និង​កីឡា មន្ទីរ​សុខាភិបាល មន្ទីរ​កិច្ចការនារី មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា មន្ទីរ​បរិស្ថាន មន្ទីរ​ធម្មការ​និង​សាសនា មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​សាខា​ពន្ធដារ​ខេត្ត​៕​