លោក ត្រាំ៖ គណបក្ស​ប្រជាធិប​តេយ្យ​មិន​ព្រម​ផ្ដល់​ប្រាក់​​សម្រាប់​ការ​ចំណាយ​លើ​កន្លែង​ឃុំ​ឃាំង​​ក្រុម​អន្តោប្រវេសន៍

197

អាមេរិក៖ ជាមួយ​នឹង​​លទ្ធភាព​ នៃ​​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​ដោយ​ផ្នែក​​នឹង​កើត​មាន​ឡើង​ ប្រសិន​បើ​ពួក​គេ​បរាជ័យ​​មិន​ឈាន​ដល់​កិច្ច​ព្រមព្រៀង ​ដោយ​ត្រូវ​កំណត់​​នៅ​ថ្ងៃ​​សុក្រ​ ទី១៥ ខែ​កុម្ភៈ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​វាយប្រហារ​​សមាជិក​គណបក្ស​​ប្រជាធិបតេយ្យ​​ដោយ​និយាយ​ថា ​ពួក​គេ​មិន​ចង់​ផ្ដល់​ថវិកា​​ទៅ​ឲ្យ​ក្រុម​សាធារណរដ្ឋ​ ដើម្បី​​ឃុំ​ឃាំង​ជនអន្តោប្រវេសន៍​ និង​ចង់​អនុញ្ញាត​​ឲ្យ​ឧក្រិដ្ឋជន ​ក្នុង​នោះ​មាន​​រួម​ទាំង​ក្រុម​ឃាតក និង​ក្រុម​ចាប់​ជំរិត​​ចូល​មក​ក្នុង​ប្រទេស​។

កិច្ច​ពិភាក្សា​​រវាង​​សមាជិក​សំខាន់​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ៤រូប និង​ក្រុម​​អ្នក​ចរចា​​ដែល​ជា​​សភា​របស់​គណបក្ស​​សាធារណរដ្ឋ ​​ស្តី​អំពី​ការ​ផ្ដល់​ថវិកា​​ដើម្បី​​រក្សា​សន្តិសុខ​​ព្រំដែន ​បាន​បរាជ័យ​​កាល​ពី​​ចុង​សប្ដាហ៍​ ជុំ​វិញ​​រឿង​ផ្ដល់​ថវិកា​ដើម្បី​ធ្វើ​របង​​តាម​បណ្ដោយ​ព្រំដែន និង​សំណើ​របស់​គណបក្ស​​ប្រជាធិបតេយ្យ​​ ដើម្បី​កាត់​បន្ថយ​​ទំហំ​ចំនួន​ក្នុង​​មណ្ឌល​ឃុំឃាំង​​អន្តោប្រវេសន៍​ សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​​ការ​បញ្ជូន​ចេញ​ទៅ​វិញ​។ ​គណបក្ស​​ប្រជាធិបតេយ្យ​បាន​ជំទាស់​នឹង​រដ្ឋបាល​របស់​លោក ត្រាំ ក្នុង​ការ​​ពង្រីក​​សមត្ថភាព​​របស់​ខ្លួន ​​ដើម្បី​ឃុំ​ឃាំង​មនុស្ស​ដែល​បាន​ចាប់​ខ្លួន​ថែម​ទៀត ​​ដោយ​ភ្នាក់ងារ​​អនុវត្ត​ច្បាប់​​គយ និង​ការ​ធ្វើ​អន្តោប្រវេសន៍​​អាមេរិក​សម្រាប់​ការ​​និរទេស​​នៅ​ទី​បំផុត៕

អត្ថបទ៖ រិទ្ធី