ប្រជាកសិករ​ខេត្តស្វាយរៀង ​ប្រមូល​ផល​ស្រូវប្រាំង​បាន​ជិត​៩​ម៉ឺន​តោន ​ខណៈ​តម្លៃ​ស្រូវ​ហក់​ឡើង​បន្តិច​

216

ស្វាយរៀង ៖ ​ស្រូវ​បង្កើន​រដូវ និង​ស្រូវប្រាំង ជិត​៩​ម៉ឺន​តោន ត្រូវ​បាន​ក្រុម​កសិករ​ច្រូតកាត់​ប្រមូល​ផល​រួចរាល់​ជា​ បណ្តើរៗ​ហើយ​ ខណៈដែល​ទីផ្សារ​ស្រូវ អង្ករ ក្នុងស្រុក និង​ទីផ្សារ​វៀតណាម ហក់​ឡើងវិញ​ បន្ទាប់ពី​បញ្ចប់​ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ។

លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ខេត្តស្វាយរៀង បាន​ប្រាប់ BTV ​ថា ចាប់ពី​ដើមខែ​មករា រហូតមកដល់​ថ្ងៃទី​១០១១ ខែកុម្ភៈ នេះ ក្រុម​កសិករ​បាន​ ច្រូត កាត់​ប្រមូល​ទុកដាក់​ស្រូវ​បង្កើន​រដូវ ​និង​ស្រូវប្រាំង ​បាន​ជិត​រួចរាល់​ហើយ​ ដោយ​ទទួល​បាន​ទិន្នផល​ ប្រមាណ​ជិត​៩​ម៉ឺន​តោន ​បន្ថែម​ពីលើ​ស្រូវ​រដូវវស្សា​ ដើម្បី​បម្រើការ​ហូបចុក ​និង​បម្រើ​ការនាំចេញ​ ដូរ​យក ​យក​កម្រៃ​សម្រាប់​កែប្រែ​ជីវភាព​គ្រួសារ ​និង​រួម​អភិវឌ្ឍ​សង្គមជាតិ​។

លោក បានឱ្យដឹងថា ក្នុង​ឆ្នាំ​កន្លងទៅនេះ ទោះជា​មិនសូវមាន​ភាព​អនុគ្រោះ​ពី​ធម្មជាតិ​ តែ​ការងារ បង្កបង្កើនផល​ របស់​ប្រជាកសិករ នៅតែ​សម្រេច​ផែន​ការផលិត​ស្រូវវស្សា​ប្រចាំឆ្នាំ ​១៦​ម៉ឺន ៥​ពាន់ ៥០០ ហិកតា​ដែរ​ ដោយ​ទទួល​បាន​ទិន្នផល​ពី​២​ ទៅ​៣​តោន ក្នុង​មួយ​ហិកតា​។ ដោយឡែក ការធ្វើ​ស្រែ​ប្រដេញ ទឹក ស្រែប្រាំង និង​ផលិត​ស្រូវ​បង្កើន​រដូវ​វិញ កសិករ​សម្រេច​បានជា​ង​ ពីរម៉ឺន​ហិកតា​ដែរ បន្ទាប់ពី​ជំនន់​ទឹក ​ទន្លេ និង​ទឹកភ្លៀង​ស្រក​ស្រុតចុះ​ ដោយ​ទទួល​បាន​ទិន្នផល​ពី​៤ ទៅ​៦​តោន​ក្នុង​មួយ​ហិកតា​។

ទាក់ទង​ទៅនឹង​តម្លៃ​ស្រូវ លោក​ប្រធាន​មន្ទីរ​កសិកម្ម បាន​បន្ថែមថា​ នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​បញ្ចប់​ពិធី បុណ្យចូលឆ្នាំ​ចិន ​វៀតណាម តម្លៃ​ស្រូវ​បាន​ងើប​ហក់​ឡើងវិញ​បន្តិច​ គឺ​ស្រូវ​សើម​នៅ​វាលស្រែ​កំពុង​ច្រូត ​មានតម្លៃ​មួយ​គីឡូក្រាម ​៧២០​រៀល ទៅ ​៧៣០​រៀល ​ឯ​ស្រូវ​ស្ងួត ​ហើយ​ដឹក​ទៅ​លក់​ដល់​គោលដៅ​ ប្រមូល​ទិញ ​នៅតាម​ព្រំដែន​វៀតណាម កម្ពុជា​ ក្នុង​មួយ​គីឡូ ​មានតម្លៃ​ពី​៧៨០ ទៅ​៨០០​រៀល ខណៈ ដែល​ពីមុន​ក្រុម​ឈ្មួញ​ឱ្យ​តម្លៃ​ស្ទើរ​ពុំរួច​ថ្លៃដើម​ផលិត​៕