គ្រូពេទ្យ​ស្ម័គ្រចិត្ត​សាលា​ពេទ្យ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​សង្កាត់​គោក​ឃ្លាង​

216

ភ្នំពេញ៖ ឯកឧត្ដម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ចុះ​អប់រំ​សុខភាព​និង​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់ រស់នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ឯកឧត្តម សាស្ត្រាចារ្យ សា​ផុន​វឌ្ឍនៈ សាកលវិទ្យាធិការ​ នៃសាក​ល​វិទ្យាល័យ​វិទ្យា​សាស្ត្រា​សុខាភិបាល បាន​មានប្រសាសន៍ថា គោលបំណង​ក្នុង​ការ​ចុះមក​ពិនិត្យ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នាពេលនេះ ដើម្បី​បង្ខិត​សេវា​ព្យាបាល​ឲ្យ​កាន់តែ​ជិត​ជាមួយ​ប្រជាពលរដ្ឋ និង​ដើម្បី​ចូល​រួមចំណែក​កាត់បន្ថយ​ការ​លំបាក និង​ការចំណាយ​របស់​ពួកគាត់​ផងដែរ ពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ វ័យចាស់​ជរា ស្ត្រី​មេម៉ាយ​ជាដើម​។

ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​នាពេលនេះ រួមមាន​ជំងឺ​ភ្នែក ធ្មេញ ត្រចៀក ពិនិត្យ​ជំងឺ​ទូទៅ ពិនិត្យ​ផ្ទៃពោះ មើល​អេកូ ពិនិត្យ​បេះដូង និង​ជំងឺ​មួយចំនួនទៀត​។ ឯកឧត្តម សាស្ត្រាចារ្យ បាន​បន្ថែមទៀតថា ក្នុងករណី​អ្នកជំងឺ​ដែល​ត្រូវ​វះកាត់ នឹង​បញ្ជូនទៅ​វះកាត់​នៅ​មន្ទីរពេទ្យ​នានា ព្រោះថា​ការព្យាបាល​នេះ គឺ​មើល​ទៅលើ​ជំងឺ​ស្រាលៗ​ប៉ុណ្ណោះ​។​

នា​ឱកាស​នោះ​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​លោកតា លោកយាយ មាមីង ពូ និង​ក្មួយៗ ដែល​បាន​អញ្ជើញ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅទីនេះ ព្រោះថា​សម្តេច​តែងតែមាន​ក្តីកង្វល់​ខ្លាំងណាស់ ចំពោះ​សុខទុក្ខ និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​

ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់​ទៀតថា ការចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល យកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​យើង ដើម្បី​ផ្ដល់​នូវ​ភាពងាយស្រួល ដល់​ប្រជាជន​កាន់តែច្រើន ក្នុងការ​ការពារ​សុខ​ភាព ឲ្យ​បាន​កាន់តែ​ប្រសើរ​។

ទន្ទឹមនឹងនេះ ​គឺ​ផ្តល់​ការព្យាបាល​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ នយោបាយ ឬ​សាសនា ប្រមូល​កម្លាំង​ស្ម័គ្រចិត្ត ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ពិសេស ផ្តល់​ជំនាញ​ដល់​និស្សិត​ពេទ្យ ឲ្យ​កាន់​តែមាន​ជំនាញ​បន្ថែម​៕