ថ្នាក់ដឹកនាំ​ក្រុមហ៊ុន OCIC យក​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​បុរី​រុងរឿង​

142

ភ្នំពេញ៖ ​ដោយ​ចង់​ដឹង​ពី​ស្ថានភាព​រស់នៅ និង​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វា ដែល​ទទួលយក​ការដោះដូរ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​(OCIC) ថ្នាក់ដឹកនាំ​ក្រុមហ៊ុន បាន​ជ្រើសរើស​ថ្ងៃទី​១៤ ខែកុម្ភៈ ដែលជា​ថ្ងៃ​ទិវា​នៃ​សេចក្ដីស្រលាញ់ ចុះសួរសុខទុក្ខ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​បុរី​រុងរឿង ក្រោម​ការដឹកនាំ​របស់​លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC​។​

ឆ្លៀត​ក្នុងឱកាស​នោះ លោក ពូន វណ្ណឌី ម្ចាស់​ដី​ជាង ២​ហិតា​កន្លះ ដែល​ទទួល​រង់​ផលប៉ះពាល់ ដោយសារ​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ តែ​ទទួលបាន​ដំណោះស្រាយ​យ៉ាង​សមស្រប​ពី​ក្រុមហ៊ុន OCIC បាន​សម្ដែង​ការសប្បាយ​ចិត្ត និង​ពេញចិត្ត​ជាខ្លាំង ចំពោះ​ការ​ដំណោះស្រាយ និង​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រីករាយ​ក្នុងការ​ទទួលយក និង​រស់នៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ទៀតផង។​

​​លោក ទូច សំណាង បាន​បញ្ជាក់​ថា កម្មវិធី​នេះ រៀបចំឡើង ដោយសារ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចង់ដឹង​ពី​ស្ថានភាព​ជាក់ស្ដែង​ក្នុង​ការ​រស់នៅ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់​ក្នុង​បុរី​រុងរឿង ក្រោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន បានទទួល​ការដោះដូរ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC

ទន្ទឹម​ជាមួយគ្នា លោក​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ដោយ​សប្បាយរីករាយ ហើយ​ថែមទាំង​មានគំនិត​បើក​របរ​រកស៊ី ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​ផងដែរ​។​

​​ក្រុមហ៊ុន OCIC គឺជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​បាន​ពី​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​ន៍ទី​ក្រុង​រណប​ជ្រោយចង្វារ ដែល​ស្ថិតក្នុង​សង្កាត់​៣ រួមមាន​សង្កាត់​ព្រែក​តាសេក សង្កាត់​ព្រែកលាប និង​សង្កាត់​ជ្រោយចង្វារ តាំងពី​ឆ្នាំ​២០១០ មក​ម្លេះ ហើយ​ក្នុងការ​អភិវឌ្ឍន៍​នេះដែរ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន និង​ដីធ្លី​ប្រជាពលរដ្ឋ​មួយចំនួន តែ​ក្រុមហ៊ុន​ក៏បាន​រៀបចំ​ផែនការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា ៣​ដំណាក់កាល ខណៈ​មកទល់ពេលនេះ ផែនការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បានទទួល​ជោគជ័យ​ប្រមាណ ៩០% ហើយ ៕​