តុលាការ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង ​សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ​-​ញុះញង់​កងទ័ព

130

ភ្នំពេញ៖ តុលាការ​ បាន​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក ​សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លើ​សំណុំរឿង​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ និង​សំណុំរឿង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​។

នេះ​បើ​យោងតាម​លិខិត​ជូន​ព័ត៌មាន​ស្តីពី​ការ​បញ្ចប់​ការ​ស៊ើបសួរ​រ​របស់លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៨២៩ ខែ​មករា ឆ្នាំ​២០១៩​។ ដោយ​លិខិត​នេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌមានជ័យ​យកទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​។​

នៅ​ក្នុង​លិខិត​ជូន​ព័ត៌មាន ​ស្តីពី​ការ​បញ្ចប់​ការ​ស៊ើបសួរ ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ឈ្មោះ សម រង្ស៊ី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេងៗ​ទៀត កាលពី​ថ្ងៃទី​០៦ ថ្ងៃទី​០៧ និង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។

ចំណែក​លិខិត​ជូន​ព័ត៌មាន ​ស្តី​ពី​ការបញ្ចប់​ការ​ស៊ើបសួរ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ឈ្មោះ សម រង្ស៊ី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពីបទ ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៧១ និង​មាត្រា ៤៧២ នៃ​កម្ម​ក្រមព្រហ្មទណ្ឌ​៕​