លោក Trump ចង់​ឲ្យ​កូរ៉េខាងជើង​រំសាយ​អាវុធនុយក្លេអ៊ែរ ប៉ុន្តែ​មិន​ប្រញាប់​ពេក​ទេ

95

អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Donald Trump កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា លោក​ចង់​ឲ្យ​កូរ៉េខាង​ជើង​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ប៉ុន្តែ​លោក​មិន​ប្រញាប់​ប្រញាល់​ពេក​ទេ ហើយ​មិន​កំណត់​ពេល​វេ​លា​​ជាក់​លាក់ទេ​សម្រាប់​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​ការ​រំសាយ​ចោលអាវុធ​នុយក្លេអ៊ែរចុង​ក្រោយ​បំផុត​នោះ​ដែរ​។

លោក Trump នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un ជា​លើក​ទី​២ ​នៅ​ថ្ងៃ​ទី​២៧ និង​២៨ ខែ​កុម្ភៈ​​ក្នុង​ប្រទេស​វៀតណាម​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ឯសេត​វិមាន ​លោក ​Trump ​បាន​និយាយ​ថា ទណ្ឌ​កម្ម​ប្រឆាំង​​ប្រទេស​តំបន់​អាស៊ី​មួយ​នេះនឹង​នៅតែ​បន្ត​ដាក់​ដដែល ​និង​មើល​ឃើញ​ទីក្រុង​ព្យុងយ៉ាង​មិន​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់​រ៉ុ​ក​កែ​ត​ទេ​នា​ពេល​ថ្មីៗ​នេះ។ លោក​ថា ខ្ញុំ​មិន​ប្រញាប់​ប្រញាល់​ពេក​ទេ។ ​ដរាបណា​គ្មាន​ការ​សាកល្បង​នោះ ខ្ញុំ​មិន​បាច់​រូត​រះ​ពេក​ទេ។​ បើ​សិន​មានការ​សាកល្បងនោះ​គឺជា​រឿង​ផ្សេងទៀត​។​ លោក​ក៏បាន​និយាយ​ផង​ដែរ​ថា ខ្ញុំ​គ្រាន់តែ​ចង់​មើល​ឃើញការរំសាយ​ចោល ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើងនៅ​ទីបំផុត។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោក ​Trump បាន​និយាយ​ជាមួយ លោក Moon Jae-in ​ប្រធានាធិបតី​កូរ៉េខាងត្បូងអំពី​ជំនួប​កំពូល​នេះ ហើយ​លោកគ្រោង​នឹង​ជជែក​ជាមួយលោកនាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ថ្ងៃ​ពុធ​នេះ។​ ក្រុម​មន្ត្រីរបស់​លោក ​Moon បាន​ប្រា​ប់​លោក Trump តាម​ទូរស័ព្ទ​ថា ប្រទេស​របស់​លោកមានបំណង​បើក​ឲ្យ​មាន ការ​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាមួយ​កូរ៉េខាងជើង បើសិន​ខ្លួន​ចង់​ពន្លឿន​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ របស់​ទីក្រុងព្យុងយ៉ាងឲ្យ​បាន​ឆាប់​នោះ៕

អត្ថបទ​៖ សុខ​មាន