កម្ពុជា​ជំរុញ​ឲ្យ​ថៃ​ ពន្លឿន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ត​ភ្ជាប់​ផ្លូវដែក

163

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ​បានស្នើ​ភាគី​កម្ពុជា ​បាន​ជំរុញ​ឲ្យ​ភាគី​ថៃ ជួយ​ព​ន្លឿ​ន ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវ​ដែក​នៃ​ប្រទេស​ទាំងពីរ ខណៈដែល​កិច្ចព្រមព្រៀង​ទាំង​នោះបាន​ សិក្សា​រួចរាល់​ហើយ​នោះ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ មន្ត្រីជាន់ខ្ពស់​សាធារណៈការ ​និង​ដឹកជញ្ជូន​ថៃ ​នៅឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៨១​ របស់​គណៈកម្មាធិការ​ដឹកជញ្ជូន​ផ្លូវគោក ​អង្គការសហប្រជាជាតិ​លើក​ទី​៨១ ពីថ្ងៃ​ទី​១៩២២ ខែកុម្ភៈ ​ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ​ប្រទេស​ស្វី​ស ​ឯកឧត្តម ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​លើកឡើង ​អំពី​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ស្តីពី ​កិច្ចព្រមព្រៀង​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ​របស់​មហា​អនុតំបន់​ទន្លេមេគង្គ (GMS CBTA) ដែល​ នឹង​ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​១២ ​ដល់​១៣ ខែមីនា ​ឆ្នាំ​២០១៩ នៅ​ទីក្រុង​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ប្រទេស​ថៃ​ខិតខំ​ព​ន្លឿ​ន​ការងារ​ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ ការចូលរួម​អនុវត្ត​កម្មវិធី​ប្រមូល​ផល​ដើមដៃ​របស់​កិច្ចព្រមព្រៀង​CBTA​

ឯកឧត្តម​ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​ធ្លាប់​បាន​ឲ្យ​ដឹងថា​ លោក​នឹង​អញ្ជើញ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ​នឹង​នាយករដ្ឋមន្ត្រី​ថៃ​ ឲ្យ​ជិះ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ ​តាម​ផ្លូវដែក ក្រោយ​ពី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​ថៃ​រួចរាល់​អស់ហើយ ​តែ​រហូតដល់​ពេលនេះ​ភាគី​ទាំងពីរ មិនទាន់​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅឡើយ​ទេ​។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ ​បានឱ្យដឹង​ដែរ​ថា​ ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ថៃ​ និង​កម្ពុជា​នេះ ​នឹង​ត្រូវ​បើក​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ ​ដើម្បី​ឱ្យ​ប្រជាជន អាជីវករ​ ពាណិជ្ជករ​នៃ​ប្រទេស ​ទាំងពីរ​ដឹកជញ្ជូន​ទំនិញ ​ផលិតផល​ផ្សេងៗ​ចេញ​ ចូលកាន់​តែ​លឿន​ឆាប់រហ័ស និង​ផ្ដល់​ភាពងាយស្រួល​ថែមទៀត​។

កម្ពុជា​ថៃ កាលពី​កន្លងទៅនេះ​ បាន​ឯកភាពគ្នា​ លើ​ការ​បញ្ចប់​នីតិវិធី ​និង​បែបបទ​ក្នុង​ការបើក​ដាក់​ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង ​សម្រាប់ធ្វើ​ដំណើរ​ឆ្លង​ កាត់​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា និង​បើក​សម្ពោធ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា ​និង​ថៃ ​នាពេល​ខាងមុខនេះ​៕