ជន​ជាតិដើម​ភាគតិច​ព្នង ​ចាប់ផ្តើម​ចេះ ​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប​

117

មណ្ឌលគិរី ៖ ​ ដើមឡើយ​ជនជាតិដើម​ ភាគតិច តែង​ធ្វើ​កសិកម្ម​ជាមួយ​ចំការ​វិលជុំ​។ ​ប៉ុន្តែ​ក្នុង​សម័យថ្មី​នេះ​ ដោយមាន​ការ​បញ្ជ្រាប ​ការ​យល់​ដឹង​ពី​ការ​ដាំ​ដំណាំ​តាម​បែប​ទំនើប​ ពួកគាត់​ចាប់​ផ្តើម​ចេះ ​អនុវត្ត​ដំណាំ​ កសិកម្ម​តាម​បែប​ទំនើប​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ដែរ​ហើយ​។

លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ខេត្តមណ្ឌលគិរី ​បានឲ្យដឹងថា​ វប្បធម៌​ទំនៀម ទម្លាប់​របស់​បងប្អូន​ជនជាតិភាគតិច​ព្នង ​លើ​ការ​ធ្វើ​កសិកម្ម​ដាំ​ដុះ ​នាពេល​បច្ចុប្បន្ន គាត់​បាន​ចាប់ផ្តើម​ផ្កាស់ប្តូរ​ភាគច្រើន​ហើយ​។ ​ពួកគាត់​ បែរមក​ចេះ​ធ្វើ​ការ​ដាំដុះ​តាម​បែប​កសិកម្ម​ទំនើប ​ដែល​ក្រសួង​មន្ទីរ ​បាន​ចុះ​ផ្សព្វផ្សាយ​បណ្ដុះបណ្ដាល​ជំនាញ និង​បញ្ជ្រាប​ពី​ចេះដឹង​ និង​ទិន្នផល​។

ដោយមាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ​ជន​ជាតិដើម​ភាគតិច ​បច្ចុប្បន្ន មានការ​រស់នៅ​ល្អប្រសើរ ​ដោយ​អ្នកខ្លះ​មានផ្ទះ​ធំៗ ​មាន​រថយន្ត ម៉ូតូ និង​ស្លៀកពាក់​ស្អាតៗ ​និង​ទទួល​បាន​សេវា​សុខភាព​ និង​ការអប់រំ ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​។

យ៉ាងណាក៏ដោយ ​ការធ្វើ​ចំការ​វិលជុំ ​ជា​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគតិច និង​នៅតែ​បន្តធ្វើ​ដដែល ក្នុង​លក្ខណៈ​ធ្វើ​ដើម្បី​រក្សា​វប្បធម៌​តែប៉ុណ្ណោះ ​មិនសូវ​ធ្វើ​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ដូច​ពីមុន​ឡើយ​៕