ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ចាប់ផ្តើម​ទាក់ទាញ​អ្នកវិ​និយោគ​អចលនទ្រព្យ​កាន់តែច្រើន

97

ត្បូងឃ្មុំ​ ៖ ​ទោះបីជា​ខេត្ត​កូនពៅ​គេ ​តែ​បច្ចុប្បន្ន​រួម​ខេត្ត​ត្បូងឃ្មុំ ​ក៏បាន​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន និង​ទាក់ទាញ​បណ្តា​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នានា​ ដើម្បី​ទាញ​យក​សក្តានុពល​ពី​ខេត្ត​កូនពៅ​គេ​មួយ​នេះ​។

គិត​ត្រឹម​ចំណុច​ចាប់តាំងពី​គល់ស្ពាន​គី​ហ្សូ​ណា ​តាម​បណ្តោយ​ផ្លូវជាតិ​7A​រហូតដល់​ចំណុច​ផ្លូវ​បំបែកលេខ​73 ដែល​ស្ថិតនៅ​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ គេ​សង្កេតឃើញថា អ្នកវិនិយោគ​នានា បាន​ និងកំពុង​តែមាន​កម្ម​ភាព​យ៉ាងសកម្ម ក្នុងការ​សាងសង់​សំណង់​លំនៅដ្ឋាន​ក្នុង​រូប​ភាពជា​បណ្តុំ​នៃ​ផ្ទះល្វែង បុរី ក៏ដូចជា​ការ​ពុះ​ដី​ឡូ​តិ៍​យ៉ាង​ស្អេកស្កះ​ ដែល​បញ្ជាក់ថា ​វិសាលភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​នេះ​ កំពុងមាន​ភាព​ពុះកញ្ជ្រោល​ជាខ្លាំង​។

លោក សឿន ចាន់​ថុ​ន នាយក​គ្រប់គ្រង​ផ្នែក​លក់​នៃ​គម្រោង​ដីឡូត៍ អាណាចក្រ​រុងរឿង ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់ឱ្យដឹង​ថា បច្ចុប្បន្ន​ទីតាំង​ខាងលើនេះ​កំពុង​តែ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​លើ​ការទិញ​-​លក់ ​មិន​ថា​ចំពោះតែ​ដី​ឡូ​តិ៍ ឬ​ជា​ផ្ទះល្វែង​នោះទេ ​ហើយ​ភាគច្រើន​គឺ​អ្នក​ដែល​ទិញ​ទុក​លក់​បន្ត​យក​ចំណេញ ។

លោក​ បាន​បញ្ជាក់ថា ​“​និយាយ​តែ​ចំពោះ​គម្រោង​ដី​ឡូ​តិ៍​ អាណាចក្រ​រុងរឿង ​ត្រឹម​តែមួយ​រយៈពេល​ខ្លី​សោះ ក្រុមហ៊ុន​បាន​បង្កើត​រហូត​ដល់​គម្រោង​ទី​៣ ដែល​កំពុងតែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ ខណៈដែល​គម្រោង​ទី​១ និង​គម្រោង​ទី​២​ ត្រូវបាន​លក់​អស់​រួចទៅហើយ​”​។ លោក​បន្តថា “​ហេតុផល​ដែល​ធ្វើ​ឱ្យមាន​ការចាប់អារម្មណ៍​ពី​សំណាក់​អតិថិជន​ ក៏​ព្រោះតែ​នៅ​ទីតាំង​មួយ​នេះ​មាន​ភាព​ទាក់ទាញ ​និង​មាន​អំណោយផល​ជា​ខ្លាំង​សម្រាប់​ការ​សង់​លំនៅឋាន ក៏ដូចជា​ការ​ប្រកប​អាជីវកម្ម​ផ្សេង​»​

ស្រដៀង​គ្នា​នឹង​ការលើកឡើង​ខាងលើនេះ លោក សូ ច័ន្ទ​ម៉ូ​លីដា ​ម្ចាស់​គម្រោង​បុរី​ចំការ​ថ្ម​ត្បូងឃ្មុំ ក៏បាន​ប្រាប់​ឱ្យដឹង​ផងដែរ​ថា​ បច្ចុប្បន្ននេះ ​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​ក្នុងស្រុក​ត្បូងឃ្មុំ​តែម្ដង ​បាន​និងកំពុង​តែមាន​សកម្មភាព​ដើរទៅ​មុខ​យ៉ាង​រលូន ​ព្រោះ​ក្រៅពី​កត្តា​សន្ដិសុខ​សង្គម ​កត្តាសេដ្ឋកិច្ច​មាន​ភាព​ល្អប្រសើរ​នោះ​ ដោយសារ​ជីវភាព​ប្រជា​ពក​រដ្ឋ​កាន់​តែមាន​ភាព​ធូរធារ​ច្រើន​។

លោក​បញ្ជាក់ថា គម្រោង​បុរី​ចំការ​ថ្ម​ត្បូងឃ្មុំ​របស់លោក ​ដែល​ទើបតែ​ចាប់ផ្តើម​បើក​លក់​ មិនទាន់បាន​ប៉ុន្មាន​ផង​នោះ ពេលនេះ​លក់​បាន​ស្ទើរតែ​៧០%​ហើយ ដែល​ចំនួន​នេះ​លើសពី​ការរំពឹងទុក​របស់​ក្រុមហ៊ុន​។ សម្រាប់​ថ្ងៃ​ខាងមុខនេះ ​ទីផ្សារ​ដីធ្លី ​ក៏ដូចជា​សំណង់​លំនៅដ្ឋាន​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​នេះ បន្ថែមទៀត​ជាក់​ជាមិនខាន​។

លោក​បណ្ឌិត​បេង​ហុង សុជាតិ​ខេ​ម​រ៉ូ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន និង​ជា​អ្នក​រៀបចំ​ប្លង់គោល​អភិវឌ្ឍន៍​ទីក្រុង នៃ​ខេត្ត​ត្បូងឃ្មុំ​ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ ក្រុង​ថ្មី​នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​រៀបចំ​ជា​លក្ខណៈពិសេស ​ដោយ​ហេដ្ឋា​រចនា​ស​ម្ព័ន្ធ​ ទីក្រុង​នេះ ត្រូវបាន​រៀបចំ​បែងចែក​រវាង​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដាច់ពីគ្នា ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អ្នក​រស់នៅក្នុង​ទីក្រុង​នេះ​មាន​ផាសុខភាព និង​មិន​រង​ការបំពុល​បរិស្ថាន​។

លោក​បន្តថា “​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បែបនេះ ជា​លើកដំបូង​ហើយ​សំរាប់​កម្ពុជា ហើយ​វា​ជាទី​ក្រុង​គំរូ​មួយ​សម្រាប់​កម្ពុជា​”​។​លោក ​បន្តថា “​ខេត្ត​នេះ​មាន​សក្តានុពល​សំរាប់​ជាការ​តំបន់​កសិឧស្សាហកម្ម ​ដោយសារ​ខេត្ត​ជុំវិញ​នេះ​ជា​តំបន់​មាន​សក្តានុពល​លើ​វិស័យ​កសិឧស្សាហកម្ម ហើយ​ខេត្ត​នេះ​ នឹងមាន​ខ្សែ​រថភ្លើង ត​ភ្ជាប់​ភាគ​ខាងត្បូង​នៃ​ប្រទេស​ឆ្លងកាត់​នាពេល​អនាគត​”៕