គ្រូ U22 កម្ពុជា នៅតែ​សរសើរ​កូន​ក្រុម ទោះ​មិនបាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ AFF U22 ក្ដី​

477

បាល់ទាត់៖ លោក Felix Dalmas បាន​សម្ដែង​ការ​ពេញ​ចិត្ត និង​កោតសរសើរ​ក្រុម​​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ២២​ឆ្នាំ​កម្ពុជា ទោះបី​ក្រុម​ខ្លួន​មិនបាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U22 Championship 2019 ក្រោយ​ប្រកួត​ចាញ់​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ ដោយ​​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដីក្នុង​លទ្ធផល ៥៣ បន្ទាប់ពី​ចំណាយ​ពេល​ប្រកួត ១២០​នាទី​ស្មើគ្នា ០០ កាលពី​យប់មិញ។​

ការ​កោត​សរសើរ​ដោយ​មិន​ស្ទាក់ស្ទើរ​នេះ ដោយសារ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ២២​ឆ្នាំ​កម្ពុជា បាន​បង្ហាញ​ឆន្ទៈ​លេង​តំណាង​ឲ្យ​ជាតិ​ពិតៗគឺ​លេង​អស់ពី​សមត្ថភាព ជាក់ស្ដែង​ត្បិត​ការ​ប្រកួត​ឈាន​ដល់​ម៉ោង​បន្ថែម ១៥​នាទី ២​ដង​ក៏​ពិត​មែន តែ​កីឡាករ​ម្នាក់ៗ​បាន​បង្ហាញ​ទម្រង់​លេង ប្រកប​ដោយ​ទំនុក​ចិត្ត។ ឯ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​លើក​ទី​២ មិន​បាន​សម្រេច​ពី​កីឡាករ ស៊ិន កក្កដា ក៏​លោក​មិន​បាន​បន្ទោស​កូន​ក្រុម​ដែរ។​ ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​ក្រុម U22 កម្ពុជា សូម្បី​លោក Alexandreda​ គ្រូ​បង្វឹក​ក្រុម​ដំរី​សឹក​ថៃ ក៏បាន​ស្ងើចសរសើរ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ដូច្នោះ​ដែរ ដែល​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ ពិសេស​គឺ​ការ​ធ្វើ​ចលនា​រហូត​មានឱកាស​ដាក់​សម្ពាធ​លើ​ក្រុម​ថៃ​ច្រើន​។ ចំណែក​ផែនការ​បន្ទាប់លោក​នឹង​បន្ដ​ពង្រឹង​ក្រុម​បន្ថែម​ទៀត ដើម្បី​ត្រៀម​ជួប​ក្រុម​ជម្រើស​ជាតិ U22 ឥណ្ឌូនេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ខាងមុខ ។​

ចំពោះ​កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ាន​នេះ នឹង​ធ្វើ​ឡើង​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដដែល នា​ថ្ងៃ​អង្គារ​ស្អែក​នេះដោយ​ក្រុម U22 កម្ពុជា ត្រូវ​ជួប​ក្រុម​ជើង​ខ្លាំង​វៀតណាមដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់មក​ទើប​ឈាន​ដល់​ការប្រកួត​ដណ្ដើម​ជើងឯករវាង​ក្រុម U22 ឥណ្ឌូនេស៊ីជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ៕

អត្ថបទ៖ លី ឈុន​ឡា