អូស្ត្រាលី​ នឹង​ជួយ​ប្រា​ក់​ជាង​២​លាន​ដុល្លារ​ដល់​ជន​ពិការភាព​នៅ​កម្ពុជា​ តាមរយៈ​គម្រោង ACCESS

94

ភ្នំពេញ ៖ ​ ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម នៃ​ប្រទេស​អូស្ត្រាលី នឹង​ប្រើប្រាស់​ថវិកា​ ប្រមាណ ២​លាន​៥​សែន ដុល្លារ អាមេរិក ដើម្បី​ជា​ការ​លើកស្ទួយ​ជន​មាន​ពិការភាព ​នៅ​កម្ពុជា ​អោយ​មាន​ភាពប្រសើរ ​តាមរយៈ​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី -​កម្ពុជា ដើម្បី​ការ​ផ្ដល់សេវា​ប្រកបដោយ​និរន្តរភាព និង​សមធម៌ ​ដែល​ហៅ​កាត់​ថា ACCESS​

ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បានលើកឡើង ដូច នេះ​ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើស​កម្ម​ភាពជា​អាទិភាព​ទាក់ទង​នឹង​ផ្នែក​ពិការភាព​សម្រាប់​កម្មវិធី ACCESS ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២៥​ខែកុម្ភៈ​ឆ្នាំ ២០១៩​នេះ​។

ឯកឧត្តម​បន្តថា កម្មវិធី ACCESS​នេះ ​ក៏​នឹង​យក ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព​ ២០១៩២០២៣ នៅ​កម្ពុជា ទៅ​កំណត់​ជា​ការងារ​អាទិភាព ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ជួយ​ជា​ថ​វិកា​រួមគ្នា ដើម្បី​សម្រេច​បាន​គោលដៅ​ផងដែរ​។

លោកស្រី អ៊ែន រូ​វ ( Anne Rouve ) ប្រធាន​ក្រុម​នៃ​កម្មវិធី ACCESS បាន​បញ្ជាក់ដែរថា ​កម្មវិធី ACCESS នេះ​នឹង​ដាក់​សម្ពោធ​នៅ​ខែ ​មីនាឆ្នាំ ២០១៩ ដោយ សហការ​ជាមួយ​ភាគី​ កម្ពុជា​រួមមាន ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន យុវនីតិ​សម្បទា រួមទាំង​ក្រសួង​កិច្ចការនារី ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ដោយ​គម្រោង​នេះ​មាន​រយៈពេល ៣​ឆ្នាំ ​ចាប់ពី​ឆ្នាំ ២០១៩២០២១ ដោយ​ផ្ដោត​សំខាន់​តាម​ការ​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ការ​ផ្ដល់​ឱកាស​ការងា​រ​កាន់តែច្រើន ​ដើម្បី​ជន​មាន​ពិការភាព​នៅ​កម្ពុជា មាន​កម្រិតជីវភាព​កាន់តែ​ប្រសើរ​។

សព្វថ្ងៃ​រដ្ឋាភិបាល​កម្ពុ​ជា​ បានធ្វើ​កិច្ចការ​ជាច្រើន​ជួយ​ដល់​ជន​មាន​ពិការភាព​នៅ​កម្ពុជា ​ទាំង​ការ​លើកស្ទួយ​សិទ្ធ​ ក៏ដូចជា​បើកឱកាស​ការងារ​ផងដែរ​។​ ក្នុងនោះ​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​ជ្រើសរើស​ជន​មាន​ពិការភាព​ឲ្យ​ចូល​ធ្វើការ​នៅតាម​ក្រសួង​-​ស្ថាប័នរដ្ឋ​ឲ្យ​គ្រប់​២% ​ និង​តាម​ក្រុមហ៊ុន​ឯកជន​បាន ១%​។ មក​ទល់ពេលនេះ ​មន្ត្រីរាជការ​មាន​ពិការភាព​ចំនួន ២,៨៣៩​នាក់ ​កំពុង​ប្រើការ​តាម​ក្រសួង​ស្ថាប័នរដ្ឋ ស្មើ​ នឹង ១.៩៣% តាម​គោលការណ៍​។​ ហើយក៏​មាន​ជន​មាន​ពិការភាព ៣,៤៧៥​នាក់​កំពុង​បម្រើការ​តាម​ក្រុមហ៊ុន​ឯកជន​ផងដែរ​។

យោងតាម​ការ​ធ្វើ​អង្គេត ថ្នាក់ជាតិ​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ​២០១៤​របស់​ក្រសួងផែនការ​បាន​បង្ហាញ​ថា ព្រះរាជាណាចក្រ​កម្ពុជា ​មាន​អត្រា​ជន​មាន​ពិការភាព​ប្រមាណ ៥២៤,០០០​នាក់ ​ស្មើនឹង​ប្រមាណ ៩,%​ នៃ​ចំនួន​ប្រជាជន​សរុប​៕