លោក​ ត្រាំ មិន​ទាន់​ប្រញាប់​ប្រញាល់​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​

105

អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក ​ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា លោក​នឹង​សប្បាយ​ចិត្តនៅ​ពេល​ដែល​កូរ៉េខាងជើង បន្ត​ផ្អាក​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ ហើយ​លោក​ក៏​មិន​ប្រញាប់ប្រញាល់​ខ្លាំង​នោះ​ដែរ ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មេដឹកនាំ​របស់​ពួកគេ គឺ​លោក ​គីម ជុង​អ៊ុន ពេល​ដែល​ពួកគេ​ទាំង​២​ មាន​នូវ​ជំនួប​កំពូល​លើក​ទី​២ ក្នុង​សប្ដាហ៍​នេះ​។​

លោក ​ត្រាំ និង​លោក ​គីម នឹង​ជួប​គ្នា​​ក្នុង​ទីក្រុង​ហាណូយ​នា​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ រយៈពេល ​៨​ខែក្រោយ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ជា​ជំនួប​លើក​ដំបូង​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាន់​តំណែង និង​មេដឹកនាំ​កូរ៉េខាងជើង​។​ នៅ​ទីនោះ​ពួក​គេ​បាន​សន្យា​ធ្វើការ​ឆ្ពោះ​ទៅ​រក​ ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​របស់​ពួកគេ សម្រេច​បាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​។ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​មន្ត្រី​សន្តិសុខ​បាន​ធ្វើការ​ព្រមាន​ថា លោក ​ត្រាំ​ ប្រឆាំង​នឹង​ការ​ទទួល​យក​កិច្ចព្រមព្រៀង​ ដែល​នឹង​ធ្វើ​រឿង​តិចតួច​ដើម្បី​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

ពេល​ដែល​លោក​ គីម ធ្វើដំណើរ​តាម​រថភ្លើង​ឆ្លងកាត់​ប្រទេស​ចិន ដើម្បី​ទៅ​ចូលរួម​ជំនួប​កំពូល​នោះ សារ​ព័ត៌មាន​កូរ៉េខាងជើងបាន​ធ្វើ​ការ​ក្រើន​រំឭក ​លោក ​ត្រាំ ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​មិន​ត្រូវ​ស្ដាប់​សម្ដី​អ្នក​រិះគន់​សហរដ្ឋអាមេរិក ដែល​កំពុង​បង្អាក់​​ដល់​កិច្ច​ខិតខំ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង ​នូវ​ទំនាក់ទំនង​ប្រទេស​ទាំង​២៕

អត្ថបទ៖ សារ៉ាត់