ចិន​សង្ឃឹម​ថា ពិភពលោក​នឹង​ផ្ដល់​ការ​ជួយ​លក្ខណៈ​ស្ថាបនា​ដល់​ប្រទេស​វេណេហ្ស៊ុយអេឡា

107

ចិន៖ ក្រសួងការបរទេស​ចិនបាន​និយាយកាលពី​ថ្ងៃ​ចន្ទ​​ថា ចិន​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហគមន៍​អន្តរជាតិនឹង​អាច​ផ្ដល់​ការ​ជួយ​លក្ខណៈ​ស្ថាបនា​ដល់​ប្រទេស​​វេណេហ្ស៊ុយអេឡា ដោយ​ផ្អែកលើ​ការ​គោរព​អធិបតេយ្យភាព​ទឹកដី​ប្រទេស​មួយ​នេះ ក្រោយ​ពេល​ដែល​ទាហាន​​វេណេហ្ស៊ុយអេឡាបណ្ដេញ​ក្បួន​រថយន្ត​ដឹក​ជំនួយ​បរទេស​ចេញទៅ​នោះ​។

អំពើ​ហិង្សា​បាន​ផ្ទុះឡើង​រវាង​កងកម្លាំង​សន្តិសុខ និង​ក្រុម​ប្រឆាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​សៅរ៍ ជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​ ៣០០​នាក់​រង​របួស ហើយ​បាតុករ​ ៣​នាក់បាន​បាត់​បង់ជីវិត​នៅ​ជិត​ព្រំដែន​ប្រទេស​ប្រេ​ស៊ី​ល។​ សហរដ្ឋអាមេរិក​បាន​គំរាម​ថា​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី ហើយ​ប្រទេស​ប្រេ​ស៊ី​ល​បាន​ជំរុញ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​ ចូលរួម​កិច្ច​ខិតខំ​រំដោះ​ប្រជាជន​​វេណេហ្ស៊ុយអេឡា។​ ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ចិន​សង្ឃឹមថា ប្រទេស​​វេណេហ្ស៊ុយអេឡាអាច​បន្ត​ស្ងប់​ស្ងៀម​ ហើយ​ពួកគេ​បាន​លើក​ឡើង​ពី​គោលជំហរ​ប្រឆាំង​របស់​ទីក្រុង​ប៉េកាំង​ ចំពោះ​ការ​ជ្រៀតជ្រែក​បរទេស​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​​​វេណេហ្ស៊ុយអេឡា ឬ​ប្រើប្រាស់​ជំនួយ​មនុស្សធម៌​ជា​ដៃ​នយោបាយ​៕

អត្ថបទ៖ សារ៉ាត់