រថយន្ត​ធុន​យក្ស​ចូល​ក្រុង​ទាំង​ព្រឹក​បង្ក​ការ​កក​ស្ទះ និង​បុក​បង្កាន់​ដៃ​ស្ពាន​​អាកាស​​ស្ទឹងមានជ័យ​

184

​ភ្នំពេញ៖ រថយន្ត​កុងតឺន័រ​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង រ៉ឺ​យែ​មិន​ប្រយ័ត្ន​ជ្រុល​ថយ​ប៉ះ​បង្កាន់​ដៃ​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្ដាល​រនាំង​ដែក​បង្កាន់ដៃស្ពាន​មួយ​កង់ត្រូវ​បាក់​រង​ការខូចខាត បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង ៧ និង ​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

រថយន្ត​បង្ក​ខាងលើ​ជា​ប្រភេទ​រថយន្ត​ហ៊ឺ​យ៉ាន់​ដាយ​ដឹកទំនិញ​ធុន​ធំ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2E – 0247។ តាម​ប្រភព​ព័ត៌មាន​ឲ្យដឹង​ថា មុន​ពេល​កើតហេតុ គេ​សង្កេត​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ក្នុង​ទិស​ដៅ​ឆ្ពោះ​ពី​ស្ទឹងមានជ័យ​សំដៅ​ទៅ​ខាង​ក្រោយ​សណ្ឋាគារ អ៊ិន​ធឺ​ខន​។ លុះ​បើកបរ​ធ្វើដំណើរ​ទៅដល់​ចំណុច​កើត​ហេតុ​ខាងលើ រថយន្ត​បាន​បួង​ក្បាល​បត់​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ បំណង​ឆ្ពោះ​សំដៅ​ទៅ​ផ្លូវ​២៧១​វិញ តែ​ពេល​នោះ​រថយន្ត​បួង​ក្បាល​បត់​មិន​ផុត​ដោយសារ​រថយន្ត​វែង​ពេក ក៏​ឈប់​មួយសន្ទុះ ហើយ​តៃកុង​រ៉ឺ​យែ​ថយក្រោយ​វិញ ជាហេតុ​ធ្វើ​ឲ្យរថយន្ត​រ៉ឺ​យែ​មិន​ប្រយ័ត្ន​ជ្រុល​ថយ ​ប៉ះ​នឹង​របាំង​ដែកនៃ​បង្កាន់ដៃស្ពាន​តែ​ម្តង បណ្ដាល​ឲ្យរបាំង​ដែក​មួយ​ដើមត្រូវ​បាក់​រង​ការខូចខាត។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋានរួម​ជាមួយ​ជំនាញ ចុះ​អន្តរាគមន៍​វាស់វែងអូស​យក​រថយន្ត​បង្ក ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់​ចាំ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ។ សូម​បញ្ជាក់​ថា បើ​តាម​មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើគឺជា​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ដឹក​លើស​ល្បឿន​ចំណុច និង​ដឹកទំនិញ​ត​ហួស​ពី​ទ្រុង​ទូ​កុងតឺន័រ​របស់​ខ្លួន​ទៅទៀត។ យ៉ាង​ណា​មិញក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ក៏​មាន​បង្ក​ជា​ការ​កកកុញ​ស្ទះ​ចរាចរណ៍​ដល់​ពលរដ្ឋ​ អ្នកដំណើរ​មួយ​អន្លើរ​ធំ​ផង​ដែរ ដោយសារ​រថយន្ត​ខាងលើត្រូវ​នៅ​ចត​កណ្ដាល​ទ្រូងផ្លូវ ​ខាងក្រោម​ស្ពាន​តែ​ម្តង​ក្រោយពេល​បង្កហេតុ។ គិត​ត្រឹម​វេលា​ម៉ោង​៩ និង​៣៩​នាទី​ព្រឹក​ថ្ងៃខែ​ដដែល នគរបាល​ជំនាញ​បាន​វាស់វែង​អូស​យក​រថយន្ត​បង្ក​ចេញពី​ទីតាំង​ខាងលើ​ដែរ ចំណែក​ចរាចរណ៍​នៅ​ទី​នោះ​ក៏​អាច​ធ្វើ​ដំណើរ​ទៅមក​ធម្មតា​វិញ​ដែរ៕