ប្រធាន​ក្លឹប Palermo ថា Paulo Dybala នឹង​ចេញពី Juventus ខែ​មករា​ខាងមុខ​

822

បាល់ទាត់៖ ​ប្រធាន​ក្លឹប Palermo លោក Maurizio Zamparini បាន​និយាយ​ថា Paulo Dybala នឹង​ចាក​ចេញពី​សេះបង្កង់ Juventus នៅ​ខែ​មករា​ខាង​នេះ បន្ទាប់ពី​មិន​មាន​ឱកាស​ច្បាស់លាស់​ជាមួយ Juventus​។

​​លោក Zamparini បាន​បន្ថែម​ទៀត​ថា អនាគត​របស់​កីឡាករ​អា​ហ្ស​ង់​ទីន​រូប​នេះ​ស្ទើរតែ ៩០% ទៅ​ហើយ​ដែល​គេនឹង​ចាក​ចេញពី Juventus បន្ទាប់ពី​ក្លឹប​ធំ​ៗ​នៅ​អេ​ស្ប៉ា​ញ និង​អង់គ្លេស​បាន​ដាក់​សំណើ​។ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូប​នេះ​បង្ហាញខ្លួន​ពេល​បើក​រដូវ​កាល​អោយ Juventus ឈ្នះ Chievo ខែ​មុន តែ​មិនបាន​លេង​ឡើយ​ពេល​ឈ្នះ Lazio 2-0 និង​លេង​បាន 10នាទី​ប៉ុណ្ណោះ​ពេល​ឈ្នះ Parma 2-1 មុន​សម្រាក​ទៅ​ជួយ​ក្រុម​ជំរើស​ជាតិ​។​ ​ខ្សែប្រយុទ្ធ​វ័យ 24ឆ្នាំ​រូប​នេះ​ក៏​មិន​ជោគជ័យ​ដែរ​ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន ដោយ​មិនបាន​លេង​សោះ​ពីរ​ប្រកួត​មិត្តភាព​ថ្មីៗ​នេះ​។ ​Barcelona ជា​ក្លឹប​ដែល​ធ្លាប់​ដាក់​សំណើ​ទិញ​អតីត​កីឡាករ​របស់ Palermo រូប​នេះ ខណៈ Real Madrid ក៏​មានមហិច្ឆតា​ចង់បាន​ក្រោយ Ronaldo ចាក​ចេញ​មក Juventus​។ ​ជាមួយគ្នា​នោះ​ដែរ Manchester United ក៏​កំពុង​ពិចារណា​នាំ​យក Dybala មកកាន់ Old Trafford ដែរ​ស្រប​ជាមួយ​កិច្ចព្រម​ព្រៀង​​ផ្ទេរ Paul Pogba ត្រលប់​ទៅ Serie A វិញ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ