សម្តេច​ក្រឡាហោម​ ៖ ​​ដំណើរ​ត្រឡប់មកវិញ​របស់​ សម ​រង្ស៊ី ​នឹង​នាំ​មហន្តរាយ​ដល់​កម្ពុជា

245

ភ្នំពេញ ៖ ​​ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ​ដំណើរ​វិល ​ត្រឡប់​មក​កម្ពុជា​វិញ របស់​លោក ​សម រង្ស៊ី ​អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ ​នឹង​នាំមក​នូវ​គ្រោះ​មហន្តរាយ​ បំផ្លាញ​សន្តិភាព​ និង​បំផុស បំផុល​ធ្វើ​បដិវត្តពណ៌​ បង្កចលាចល​ដល់​ប្រទេសជាតិ ដែល​ដំណើរ​វិលត្រឡប់ ​របស់​ទណ្ឌិត​រូបនេះ​ កម្ពុជា​មិន​ស្វាគមន៍​នោះ ឡើយ​។

ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​សាលាខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ នេះ ​សម្តេច​ក្រឡ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​បញ្ជាក់​ថា ពេល ​លោក សម រង្ស៊ី មក​កម្ពុជា​វិញ ​មាន​ទិដ្ឋភាព​ពីរ​យ៉ាង ​ទី​១. មិន​មក​ដើម្បី​ចូលរួម​ប្រកួត​ជែង​ការបោះឆ្នោត ​ធ្វើ​គណបក្សប្រឆាំង​ស្របតាម​ច្បាប់​ជា​ធរមាន​ទេ​ និង​ទី​២. លោក សម រង្ស៊ី ជា​ទណ្ឌិត​។

សម្តេច​ក្រឡាហោម បាន​បន្តថា ដូចនេះ ​ការវិល​ត្រឡប់មកវិញ​របស់​លោក ​សម រង្ស៊ី គឺ​មក​បំផុស បំផុល​ចលនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​វឹកវរ​ច្របូកច្របល់ ​បំផ្លាញ​សុខ​សន្តិភាព​ ស្ថិរភាព ព្រមទាំង​ដឹកនាំ ធ្វើ​បដិវត្តន៍​ពណ៌ ​នេះ​ជា​គោលដៅ​របស់ សម រង្ស៊ី ។

សម្តេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា ​បើ​អាជ្ញាធរ​ខ្សោយ​ បង្ហាញ​ភាព​អសកម្ម​ច្រើន មាន បញ្ហា​គ្រឿងញៀន ចោរលួច​ចោរប្លន់​ច្រើន ​ទំនាស់​ដីធ្លី ការរំលោភ​អំណាច​ អយុត្តិធម៌ ​អំពើ​ហិង្សា​ផ្សេងៗ នេះហើយ​ជា​ការ​ក្រាល​ព្រំ​ឲ្យ​សម រង្ស៊ី វិលត្រឡប់​មកវិញ ​ប៉ុន្តែ​បើ​គ្មាន​បញ្ហា​ទេ​ គឺជា​ការ​ល្អ​។

សម្តេច​ក្រឡ​ហោម ​បាន​ប្រាប់​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ពិនិត្យមើល​សកម្មភាព​ណាមួយ ដែល​មាន​លក្ខណៈ​ញុះញង់ បំបែកបំបាក់ ឲ្យ​ពលរដ្ឋ​បែកបាក់​គ្នា ត្រូវ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា ហើយ​ត្រូវ ​បន្ត​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានឱ្យដឹងថា​ ឆ្នាំ​២០១៨ បាត់ដំបង មាន​បទល្មើស កើតឡើង​១៣៣​លើក ​កើន​ឡើង​៣៩​ភាគរយ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ កើតឡើង​៣៦​លើក​ ថយចុះ ៣ លើក និង​បទល្មើស​មជ្ឈិម ​កើតឡើង​៩៧​លើក កើន​៤០​លើក​។​ បទល្មើស​ទាំងនេះ ​បណ្ដាល​ឲ្យ​មនុស្ស ស្លាប់​១២​នាក់ ​របួស​៤៤​នាក់ រងគ្រោះ​២២​នាក់​។ ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ បាន​៣២​ករណី ឃាត់ខ្លួន មនុស្ស​៤១​នាក់ និង​បង្ក្រាប​បទល្មើស​មជ្ឈិម​ ៨៥​ករណី ​ឃាត់ខ្លួន​មនុស្ស ១២៥​នាក់​៕