កម្លាំង​កងទ័ព​កម្ពុជា​-​ចិន​ចាប់​ផ្តើម​រៀបចំ​សម្ភារៈ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩

349

ភ្នំពេញ៖ ​ដូច​ការ​គ្រោងទុក​កម្លាំង​កងទ័ព​កម្ពុជា​និង​កងទ័ព​រំដោះប្រជាជន​ចិន បានចាប់ផ្តើម​រៀបចំ​សម្ភារៈ និង​ពិនិត្យ​ទីតាំង​រៀងៗ​ខ្លួន​ដើម្បី​ត្រៀម​ធ្វើ​«​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩»​រួមគ្នា​ដែល​ចាប់ផ្តើម​ពីថ្ងៃ ទី​២៨ ខែ​កុ​ម្ភៈ ដល់​ថ្ងៃទី​២៧​ខែមីនា ឆ្នាំ​២០១៩​នេះ​នៅ សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី​របស់​កងពល​តួច​លេខ​៧០​។​

​​យោង​តាម​មន្ត្រី​របស់​កងពល​តួច​លេខ​៧០ ដែល​បាន​ប្រាប់​​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩​នេះ​បាន​ឲ្យ​ដឹងថា លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩​ជាមួយ​ភាគី ចិន​នេះ​នឹង​ធ្វើឡើង​រយៈពេល​២៨​ថ្ងៃ​គឺ​ចាប់ពី​ចាប់ពី​ថ្ងៃទី​២៨ ខែ​កុ​ម្ភៈ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីលាន​បាញ់​គ្រាប់​ពិត នៃ​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង​ស្រុក​ជុំ​គី​រី ខេត្ត​កំពត​ហើយ​លំ​ហាត់​នេះ ​គឺជា​លំ​ហាត់​នាគ​មាស​លើក​ទី​៣ ហើយ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ ដែល​បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​

​​ប្រភព​ដដែល​បាន​បន្តថា កម្លាំង​និង​សម្ភារៈ​របស់​ភាគី​ចិន​បានចាប់ផ្តើម​មក​ប្រទេស​កម្ពុជា​ជា​បណ្តើរ​ៗ​ហើយ ដើម្បី​ត្រៀម​មុន​នៃ​ការបើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេ​មរ ភូមិន្ទ ហើយ​បិទ​នៅ​ថ្ងៃទី​២៧ ខែ​ដដែល​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​តំណាង​កងទ័ព​ចិន​។​

​​បើតាម​ហ្វេ​ស​បុក​ផ្លូវការ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ សុជាតិ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​ដែល​បាន​បង្ហោះ​កាលពី​កន្លង​ទៅបាន​ឲ្យ​ដឹងថា លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ឆ្នាំ​២០១៩ ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ធ្វើ​លំ​ហាត់​រួមគ្នា លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ ការប្រឆាំង​ភេ​វរ​កម្ម ការរក្សា​សន្តិភាព ក្នុង​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ​ក្នុង​មួយឆ្នាំ​ម្តងៗ និង​គ្រប់​ប្រភេទ​ទ័ព ស្របតាម​កិច្ចសហប្រតិបត្តិការ​រ​បស់​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​។​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់​ទៀតថា លំ​ហាត់​នេះ​ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គោលជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​អនុវត្ត​នយោបាយ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ចិន​)​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការជួយ​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុងជ្រោយ​។​

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមទៀត​ដ​ថា «​លំ​ហាត់​ហ្វឹកហ្វឺន​នេះ​មាន​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចូលរួម​ចំនួន​២៥៤២​នាក់ ក្នុងនោះ​មាន​៖ កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន ៣៨២​នាក់​, កម្លាំង​បម្រើការ​ក្នុង​លំ​ហាត់​ចំនួន​៤៤៨​នាក់​, កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ ចំនួន​១,៦៨៥​នាក់​»​។​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ សុជាតិ ​បានលើកឡើង​ទៀតថា​«​ក្នុង​លំ​ហាត់​នាគ​មាស​នេះ​មានការ​ហ្វឹកហាត់​ក្នុង​ទីបញ្ជាការ និង​ទីលាន ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយចំនួន ដូចជា​ការប្រឆាំង​ភេ​វរ​កម្ម​,​ការរំដោះ​ចំណាប់ខ្មាំង​, ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​, ការបំពេញភារកិច្ច​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ និង​វិស្វកម្ម​ជាដើម​»​។​

ដោយឡែក​សម្រាប់​អាវុធ​យុទ្ធភណ្ឌ​សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ​រួមមាន​ដូចជា​៖ រថពាសដែក​, រថក្រោះ​, កាំភ្លើង​ធំ​, កាំភ្លើងត្បាល់​, ឧ​ទ្ធ​ម្ភា​ចក្រ​, អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម​ពោល គឺ​នឹង​ប្រព្រឹត្តិ​ទៅ​ធំ​ជាង​ឆ្នាំមុនៗ​៕​