មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ កំណែទម្រង់​កងកម្លាំង​នគរបាលជាតិ​គឺ​ដើម្បី​លើកកម្ពស់ វិជ្ជាជីវៈ​

108

ភ្នំពេញ៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ឯកឧត្ដម ចាន់ អ៊ា​ន ​បាន​ថ្លែងថា គោលនយោបាយ​កំណែទម្រង់​របស់​ក្រសួងមហាផ្ទៃ​លើ​កម្លាំង​នគរបាលជាតិ​ គឺ​ដើម្បី​លើ​កម្ពស់​វិជ្ជាជីវៈ​របស់​ពួកគេ ការអភិវឌ្ឍ​សមត្ថភាព​សាស្ត្រាចារ្យ និង​គ្រូ​នគរបាលជាតិ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធីសាស្ត្រ​បង្ហាត់បង្រៀន​បែប​ទំនើប ការអភិវឌ្ឍ​កម្មវិធី​អប់រំ​និង​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​ជាតិ តំបន់​និង​តម្រូវការ​អង្គភាព​ប្រើប្រាស់​កងកម្លាំង គំនិត​ច្នៃប្រឌិត​ជាដើម​។​

ថ្លែង​នៅក្នុង​កម្ម​ពិធី​បិទ​សន្និបាត​បូកសរុប​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​ឯកឧត្ដម ​ចាន់ អ៊ា​ន ​បាន​ថ្លែង​បន្តថា ​ការអភិវឌ្ឍ​ជំនាញ​គឺជា​ការត្រឹមត្រូវ​បំផុត​សម្រាប់​នគរបាល​គ្រប់រូប ហើយ​នេះ​គឺជា​មោទនៈភាព​សម្រាប់​យើង​ទាំងអស់គ្នា ដែល​បណ្ឌិត្យសភា​មានការ​រីកចំរើន និង​អភិវឌ្ឍ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ​។​

​​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បញ្ជាក់ថា «​រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមទាំង​កងកម្លាំង​នគរបាលជាតិ ដើម្បី​លើកកម្ពស់​វិជ្ជាជីវៈ ហើយ​ក្រសួងមហាផ្ទៃ​ក៏បាន​ដាក់ចេញ​នូវ​ផែនការអភិវឌ្ឍន​ធនធាន មនុស្ស និង​ផ្តល់នូវ​ការ​គាំទ្រ​គ្រប់បែបយ៉ាង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​និង​លើកកម្ពស់ ក្រម សីលធម៌​វិជ្ជាជីវៈ​របស់​កម្លាំង​នគរបាល​និង​មន្ត្រី​ពន្ធនាគារ​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រទេសជាតិ​ទាំងមូល​ផងដែរ​»​។​

​​ថ្លែង​នៅក្នុង​កម្មវិធី​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សាស្ត្រាចារ្យ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​បាន​លើកឡើងថា នាពេល​អនាគត​ខាងមុខនេះ ផ្អែក​តាម​ផែន​ការយ​ទ្ធ​សាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៥២០១៩) ដែល​កំពុង​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម ដោយ​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូ​នគរបាលជាតិ និង​មន្ត្រី បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​មាន​កិត្យានុភាព​ន​ឧត្តមភាព អាច​ប្រៀបធៀប​បានជា​មួយ​ស្ថាប័ន​បណ្តុះបណ្តាល​នគរបាល ក្នុង​ក្របខណ្ឌ​អាស៊ាន តំបន់ និង​សាកលលោក​។​

​​ជាមួយគ្នា​នោះ​ឯកឧត្តម ​សេង ផល្លី ក៏បាន​ថ្លែង​នូវ​អំណរគុណ និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​មន្ត្រី និង​គ្រូ នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​ការងារ​មោះមុត និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ដែល​ជា​លទ្ធផល​នាំ​ឲ្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា សម្រេចបាន ៨២.១០% នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨ នៃ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​របស់ខ្លួន​៕​