ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កំពង់ចាមជំរុញឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ប្រឹងប្រែង​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​

176

កំពង់ចាម​៖ នៅ​រសៀល ថ្ងៃ​សុក្រ ១០​រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្ដម​ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម អម​ដំណើរ​ដោយ​ឯកឧត្តម អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ ជុំវិញ​ខេត្ត បាន​អញ្ជើញ​ក្នុង​ពិធី​ប្រកាស​ផ្ទេរតំណែង​អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាធាយ ខេត្តកំពង់ចាម​។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា ក្នុងនាម​ជា​អាជ្ញាធរ ត្រូវ​បន្ត​ពង្រឹង​នូវ​ការ​ចុះ​ផ្ដល់​សេវាសាធារណ​:​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​ធម្មជាតិ ដូចជា បឹងបួរ ទំ​បន់​ទឹក មេទឹក ជា​ដើម ទុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ស្រែចំការ​។ ហើយ ឯកឧត្ដម​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​បន្ត​សាងសង់ សំណង់​អគារ លំនៅឋាន ក្រោម​ខ្សែ​បណ្តាញ​អគ្គិសនី ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង​ពី​ចរន្តអគ្គិសនី​ផង​ដែរ​។

សូម​បញ្ជាក់​ផងដែរ​ថា លោក ផេ​ន សុផល ត្រូវ​ផ្ទេរតំណែង​ពី​អភិបាលស្រុក​កោះសូទិន​មកកាន់​តំណែង​ជា​អភិបាលស្រុក​បាធាយ​វិញ ជំនួស លោក កៅ ប៊ុន​ណាត ដែល​ត្រូវ​ចូលនិវត្តន៍​៕​