ធនាគារ​អភិវឌ្ឍន៍​ពេញចិត្ត​ និង​បន្ត​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ ​នា​ពេល​អនាគត​ជាមួយ​កម្ពុជា

683

ភ្នំពេញ ៖ ​ក្នុងជំនួប​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​០១ ​ខែមីនា​ ឆ្នាំ​២០១៩ តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​ហៅ​កាត់ អេ​ឌី​ប៊ី (ADB) ​ បានបង្ហាញ​ក្តី​រីករាយ​ និង​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ សម្រាប់​ទិសដៅ​ នា​ពេល​អនាគត​ក្នុង​ការជួយ​ដល់​វិស័យ​សេដ្ឋកិច្ច​-​សង្គម​។

មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​ការងារ រវាង​ឯកឧត្តម ​បណ្ឌិត អ៊ិត សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ជាមួយនឹង​លោកស្រី​ Sunniya Durmal-Jamal នាយិកា​ប្រចាំ​ប្រទេស និង​លោកស្រី ​Ayako Inagaki ​នាយក​ផ្នែក​អភិវឌ្ឍន៍​សង្គម ​និង​មនុស្ស​នៃ​ធនាគារ​អភិវឌ្ឍន៍ ​​នៅ​ទីស្តីការក្រសួង ឯកឧត្តម ង៉ុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញ ​ជម្រាប​ដល់​ភាគី​ជំនួប​ថា​ សេដ្ឋកិច្ចកម្ពុជា ​នឹង​នៅតែ​អាច​រក្សា​នូវ​និរន្ត​ភាពល្អ​នៃ​កំណើន ​បើទោះបី​ជា​មាន​បញ្ហា​ប្រឈម​ដោយសារតែ​កត្តា​ខាងក្រៅ​ក៏ដោយ​ ប៉ុន្តែ​កម្ពុ​ជា​ ក៏​អាចមាន​លទ្ធភាព​ក្នុងកា​រក្សា​ភាព​ប្រកួតប្រជែង ​តាមរយៈ​ការ​ដាក់ចេញ​នូវ​កំណែទម្រង់​នានា​ រួមទាំង​ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅ​វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត​។

តាមរយៈ​ជំនួប​នា​ថ្ងៃនេះ តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​សំដែង​នូវ​ការអបអរសាទរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កសាង​មូលធន​មនុស្ស​តាមរយៈ​ការដាក់​ចេញ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូច​មាន​ចែង​នៅក្នុង​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​។

ទន្ទឹមនេះ ភាគី​ទាំង​ពីរ​បាន​សំដែង​នូវ​មោទនភាព​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិការ កន្លងមក និង​សន្យាថា​ នឹង​បង្កើន​ប្រសិទ្ធភាព​ឱ្យ​កាន់តែ​ប្រសើ​រ ថែ​ទៀត​នូវ​ភាពជា​ដៃគូ​សម្រាប់​រយៈពេល​វែង ​សំដៅ​បន្ត​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ជាច្រើន​ដែល​បាន​ដាក់​ចេញ​ប្រកបដោយ​ជោគជ័យ​៕