ចិន និង​អាមេរិក​គិត​ថា ​ពួកគេ​មានប្រៀប​ដូចគ្នា​ក្នុង​ជម្លោះ​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​តានតឹង​នេះ

132

ចិន៖ អ្នក​ជំនាញ​ពាណិជ្ជកម្ម​មួយ​រូបបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​​ថា សហរដ្ឋអាមេរិក និង​ចិន​នឹង​អូស​បន្លាយ​ពេល​នៃ​ភាពទាល់ច្រក ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​កើតឡើង​របស់​ពួកគេ ដោយ​សារ​តែ​គ្មាន​ការ​ឈឺចាប់​គ្រប់គ្រាន់​សម្រាប់​ភាគី​ម្ខាងៗ ​ដើម្បី​ឲ្យ​ពួកគេ​ដកថយ​នោះ​។

​លោកស្រី ​ដឺ​បូរ៉ា អែម គឺជា​នាយក​ប្រតិបត្តិ​ នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ី ដែល​មាន​មូលដ្ឋាន​​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​និយាយ​ថា “​ខ្ញុំ​គិត​ថា យើ​ង​នឹង​ស្ថិតនៅ​ការ​ពន្យារពេល​ដ៏​យូរ​មួយ​ នៃ​ភាព​តានតឹង​កើន​ឡើង​បន្ត​ឥត​ឈប់​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ​”​។​ លោកស្រី ​អែម បាន​និយាយ​ប្រាប់​ទូរទស្សន៍ CNBC​ ថា បញ្ហា​មួយ​គឺថា ភាគី​ទាំង​២​ គិត​ថា ពួកគេ​មានប្រៀប​ដូចគ្នា​លើ​ការ​ជជែក​ដេញ​ដោល​មួយ​នេះ​។​ សេចក្ដីអធិប្បាយ​របស់​លោកស្រី​ អែម បាន​កើតមានឡើងបន្ទាប់ពី​សហរដ្ឋអាមេរិក និង​ចិន បាន​ប្រកាស​សងសឹក​ដំឡើង​តម្លៃ​ពន្ធ​ លើ​គ្នា​ទៅវិញទៅមកកាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុន ហើយ​ជំនួប​រយៈពេល ​២​ថ្ងៃ​របស់​ពួកគេ ​បញ្ចប់​ទៅ​ដោយ​គ្មាន​ទម្លុះ​ភាពទាល់ច្រក​ណាមួយ​នោះ​ទេ​។

​លោកស្រី​បាន​និយាយ​ថា ស្ថានភាព​ទំនងជា​កាន់តែ​អាក្រក់​ទៅ​​ក្នុង​រយៈពេល​ជាច្រើន​ខែ​ទៀត បន្ត​រហូតដល់​ដល់​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​សហរដ្ឋអាមេរិក​។​ លោកស្រី​ អែម បាន​និយាយ​ថា “​ខ្ញុំ​គិត​ថា យើង​មិន​មាន​ការឈឺចាប់​គ្រប់គ្រាន់ ​ក្នុង​ប្រព័ន្ធ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ​ឡើយ ខ្ញុំ​អាច​ប្រកាស​បាន​ថា យើង​មាន​នូវ​យុទ្ធសាស្ត្រ​ដោះស្រាយ ​ខុសប្លែក​ពី​គ្នា​នា​ពេល​ឥឡូវនេះ​។ នោះ​គឺជា​ការងារ​ប្រកួតប្រជែង​របស់​ពួក​យើង​”​។​ ដោយឡែក​ក្រុម​អ្នកឃ្លាំមើល​ទីផ្សារ​ពាណិជ្ជកម្ម បច្ចុប្បន្ន​កំពុង​ចោល​ក្រសែភ្នែក​របស់​ពួកគេ ​ទៅលើ​ជុំ​មួយទៀត​នៃ​ការ​គំរាម​ដំឡើង​តម្លៃ​ពន្ធ​ លើ​ទំនិញ​ចិន​ទំហំ​ទឹកប្រាក់​ ២០០​ពាន់​លាន​ដុល្លារ ដែល​គេ​រំពឹង​ថាគ្រោង​នឹង​ធ្វើ​នា​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ​៕
អត្ថបទ៖ សារ៉ាត់