ប្រទេស​៣ មាន​សក្ដានុពល​សម្រាប់​កម្ពុជា​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​​ឆ្នាំ​២០២៣

129

ស៊ី​ហ្គេម៖ កម្ពុជា​បាន​បង្ហាញ​ប្រទេស​ចំនួន​៣ ដែល​មាន​សក្ដានុពលសម្រាប់​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹក​ហាត់ ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​២៣ នា​ឆ្នាំ​២០២៣ ក្នុង​នោះ​រួមមាន​សាធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន, សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​ជប៉ុន។

ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់ CAMSOC កាលពី​ថ្មីៗ​ថា ចាប់ពី​ឆ្នាំ​២០១៩ នេះ​ទៅ កម្ពុជា​នឹង​ពង្រឹង​ការ​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​ក្រៅ​ស្រុក ដោយ​ត្រូវ​សម្រួច​តែ​ប្រទេស​គោល​ដៅ ជៀស​ឆ្ងាយ​ប្រទេស​ក្នុង​តំបន់​ដែល​ត្រូវ​ប្រឈម​មុខ​ដាក់គ្នា​ ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​ អ្នក​ជំនាញ​កីឡា​រូប​នេះ​បាន​បន្ដ​ថា ប្រទេស​ជា​គោលដៅ​របស់​កម្ពុជា ត្រូវ​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់រួមមាន​ចិន ជប៉ុន និង​កូរ៉េ ព្រោះ​ប្រទេស​ទាំង​៣ មាន​បទពិសោធន៍ គ្រូ​ជំនាញ បច្ចេកទេស សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម អាច​ចាត់ទុកជា​ប្រទេស​មាន​សក្ដានុពល​ជាងគេក្នុង​កីឡា​ពិភពលោក ហើយ​ភាគី​កម្ពុជាក៏បាន​នឹង​កំពុង​ធ្វើ​ការ​ជាមួយ​ប្រទេស​ទាំង​៣ និង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ការ​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​ផង​ដែរ។

បន្ថែម​លើ​នេះ​ឯកឧត្ដម​បាន​បញ្ជាក់​ថា កំណត់​យក​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​គឺជា​គោលដៅ​ ដូច្នេះ​វា​គឺជា​បច្ចេក​ទេស​ក្នុង​វិស័យ​កីឡា ដែល​ប្រទេស​ជា​ម្ចាស់ផ្ទះ​ត្រូវ​ពង្រឹង​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ។ ហេតុ​នេះ​កម្ពុជា​នឹង​ធ្វើ​កា​រ​សម្រិត​សម្រាំង ​យក​​ប្រភេទ​កីឡា​មាន​សក្ដានុពល​របស់​ខ្លួន សម្រាប់​បញ្ជូន​ទៅ​ហ្វឹកហាត់តាម​ជំនាញ​របស់​ប្រទេស​នីមួយៗ ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​កាន់​តែ​ខ្លាំង ឧទាហរណ៍៖ ​កូរ៉េខាងត្បូង ពូកែ​ខាង​កីឡា​តេ​ក្វាន់​ដូ កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ជាដើម។ គួរ​បញ្ជាក់​ថា ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះគឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការប្រកបដោយ​ភាព​ជោគជ័យ និង​ផ្លែផ្កា​ល្អ​ប្រសើរ ពិសេស​គឺ​ការ​ដណ្ដើម​មេដាយ​។ មក​ទល់​ពេល​នេះពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជា​កំពុង​រៀបចំ​ជា​បណ្ដើរៗ​ហើយ ដោយ​ពុំ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ តែ​អ្វី​ដែល​ជា​ក្ដី​បារម្ភ​នោះ​ទេគឺ​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ដែល​ថ្នាក់ដឹកនាំ​កំពុង​ជំរុញ និង​ការអភិវឌ្ឍ​បន្ថែម៕

អត្ថបទ៖ លី ឈុន​ឡា