លោក បូ​លតុ​ន​៖ អាមេរិក​ពិនិត្យ​មើល​ការ​បង្កើន​ទណ្ឌកម្ម​ថ្មី បើ​សិន​ជា​កូរ៉េខាងជើង​មិន​បោះ​បង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ

90

អាមេរិក៖ លោក​ ច​ន បូល​តុ​ន ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី​ ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋ​អាមេរិក​នឹង​ពិនិត្យ​មើល​ការ​បង្កើន​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង បើ​សិន​ជា​ទីក្រុង​ព្យុងយ៉ាង​នៅ​តែ​មិន​ព្រម ​បោះ​បង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ​នោះ​។

លោក ​បូល​តុ​ន បាន​និយាយ​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ Fox Business ថា បន្ទាប់ពី​ជំនួប​កំពូល​នៅ​ទីក្រុង​ហាណូយ​រវាងលោក ​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើងលោក​ គីម ជុង​អ៊ុន ទីក្រុង​វ៉ា​ស៊ីនតោន​នឹង​មើល​ថា ​តើ​ទីក្រុង​ព្យុងយ៉ាង​មានបាន​ប្ដេជ្ញា​ចិត្ត​ហើយ ​ឬ​នៅ​ក្នុង​ការ​បោះ​បង់​ចោល​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​អ្វីៗ​សព្វបែបយ៉ាង​ពាក់ព័ន្ធ​នឹង​កម្មវិធី​មួយ​នេះ​។​ លោក​ បូល​តុ​ន បន្ត​ទៀត​ថា បើសិនជា​ពួកគេ​គ្មាន​ឆន្ទៈ​ចង់​ធ្វើ​វា​ទេ នោះ​លោក​គិត​ថា លោក​ប្រធានាធិបតី ​ត្រាំ បាន​ដឹង​ច្បាស់​ជាងគេ​ថា ពួក​យើង​នឹង​មិន​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​បាន​ដាក់​លើ​ពួកគេ​ជាដាច់ខាត ហើយ​យើង​នឹង​ពិនិត្យមើល​លើ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀតតាម​ភាព​ជាក់​ស្ដែង​។

សេចក្ដី​អធិប្បាយ​របស់លោក ​បូល​តុ​ន បាន​កើតមានឡើងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ជំនួប​កំពូល​ស្ដីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ថ្ងៃ​ទី​២៧ និង​២៨ ខែ​កុម្ភៈ​កន្លងទៅរវាង​លោក ​ត្រាំ និង​លោក ​គីម ដែល​ជំនួប​លើក​នេះ​បាន​បរាជ័យ​ទាំងស្រុង ​លើ​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កូរ៉េ​ខាង​ជើង​ ក្នុង​ការកំណត់​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន និង​កម្រិត​នៃ​ឆន្ទៈ​សហរដ្ឋអាមេរិក​ក្នុង​ការ​ដក​ទណ្ឌកម្ម​ចេញ​៕

អត្ថបទ៖ សុខ​មាន