សម្តេច​​តេ​​ជោ ហ៊ុន សែន អ​ញ្ជើញ​បិទ​សន្និបាត​ក្រសួងការបរទេស ​និង​សហប្រ​តិបត្តិកា​រអន្ត​រជាតិ

71

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃព្រ​ហស្បតិ៍ ​២កើ​ត​ ខែ​ផល្គុ​ន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​០៧ ខែមីនា ​ឆ្នាំ២០១៩នេះ ​សម្តេច​អគ្គ​មហាសេនាប​តីតេ​ជោ ​ហ៊ុន សែន នា​យករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួមជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​​ពិធី​បិទ​សន្និបាត​ក្រសួង​ការ​បរទេស ​និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​។


សន្និបាតនេះមា​ន​រយៈពេល ២​ថ្ងៃ​កន្លងមកហើយ ដោយ​មាន​ការ​ចូលរួម​ដោយ​ថ្នាក់ដឹក​នាំ ​និង​មន្ត្រី​ក្រសួង ​ក៏ដូចជា ​ឯក​អគ្គរាជ​ទូត​ តំណាង​អចិន្ត្រៃយ៍ ​និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។

កម្ពុជា​បច្ចុប្បន្ន​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​ជា​មិ​ត្ដ​ចំនួន ១៧២ ប្រទេស និង​មាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​សរុប​ចំនួន ៦០​។​
សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​នេះ គឺជា​កាលានុវត្តភាព​ស​ម្រា​ប់​អ្នកការទូត​កម្ពុជា ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ ឧទ្ទេសនាម​ដោយ​វាគ្មិន​សំខាន់ៗ លើ​បញ្ហា​ជា​សារ​វ័​ន្ត​ពាក់ព័ន្ធ​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​” “​ការជំរុញ​ការទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​” និង “​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​” ដែល​នឹង​លើកកម្ពស់​បន្ថែមទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង ធ្វើ​ឲ្យ​ស៊ីជម្រៅ​កម្រិត​វិភាគ និង​ការយល់ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។
សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាពេលនេះ ដែលជាក្រសួងមួយដែលសម្ដេចធ្លាប់បម្រើការងារជាតួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដំបូងគេនៅកម្ពុជាក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយសម្តេចតែងតែបានអញ្ជើញចូលរួមក្នុងពិធីបូកសរុបការងាររបស់ក្រសួងការបរទេសជាបន្តបន្ទាប់។

សម្តេចតេជោ តែងបានយកឱកាសនេះ ដើម្បីផ្តល់នូវបទពិសោធន៍ និងអនុសាសន៍សំខាន់ជូនដល់មន្ត្រីការទូតរបស់កម្ពុជា។

សម្តេចថ្លែងបន្តថាកិច្ចការបរទេស គឺជារឿងដ៏សំខាន់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើឡើងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការអភិវឌ្ឍទៅលើកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយបណ្ដាប្រទេសនានា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដើម្បីទទួលបានផលប្រយោជន៍រួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន៕