គ្រប់​កិច្ចការងារ​ គឺ​ពិតជា​មិន​អាច​ជោគជ័យ​ទៅ​បាន​ទេ​បើ​មិន​មាន​ការចូលរួម​ជួយ​ជ្រោមជ្រែង​ពី​ស្ត្រី​

58

ភ្នំពេញ ៖ ​ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​បញ្ជាក់ថា​ គ្រប់​កិច្ច​ការងារ​ទាំងអស់ ​គឺ​ពិតជា​មិន អាច​ជោគជ័យ​ទៅ​បាន​ទេ​ បើ​មិន​មាន​ការចូលរួម​ជ្រោមជ្រែង​ពី​ស្ត្រី​ដែល​ជា​ដៃគូ​នោះ ហើយ​ថា ​ស្ត្រី​ជា​ធនធាន​ ដ៏​ធំ សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ប្រសិទ្ធភាព​បំផុត​ផង​ដែរ​។

នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ​ទិវា​នារី​អន្តរជាតិ ៨ ​មីនា ឆ្នាំ​២០១៩ ​ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យេនឌ័រ ​និង​ការ​គាំទ្រ​ការពារ​សង្គម​ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​” នា​ព្រឹក​ថ្ងៃទី​០៧ ខែមីនា​ នេះ ឯកឧត្តម អ៊ុំ សារិទ្ធ ​អគ្គលេខាធិការ​ព្រឹទ្ធសភា ​បាន​បញ្ជាក់ថា ​ប្រធានបទ​នេះ ពិតជា​ មាន​សារ ​សំខាន់​ ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ ​នៃ​សន្តិភាព ​និង​ការ​លើកកម្ពស់​សមភាព​ យេនឌ័រ ដែល​រាជ រដ្ឋាភិបាល​បាន​នឹង​កំពុង​គាំទ្រ​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួមទាំង ​បុរស ​ទាំង​ស្ត្រី ​ដើម្បី​វឌ្ឍនភាព ​សង្គម​ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ​ស្ថានភាព​ ជីវភាព ឋានៈ តួនាទី​ របស់​ស្ត្រី ​និង​សុខុមាលភាព​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ​និង​សមត្ថភាព​។

លោកជំទាវ ឃួន ឃុន​ឌី លេខាធិការ​ក្រុម​សមាជិកា​ព្រឹទ្ធសភា ​បាន​ថ្លែងថា ​ការ​ពង្រឹង​សមភាព យេនឌ័រ និង​ការ​គាំពារ​សង្គម ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ដើម្បី​លើកស្ទួយ​តួនាទី​ស្ត្រី ដែលជា​ឆ្អឹង ខ្នង នៃ​គ្រួសារ សេដ្ឋកិច្ច និង​សង្គមជាតិ​។ ​ការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​ភាព​អង់អាច​ដល់ ​ស្ត្រី និង​ក្មេង​ស្រី​កម្ពុជា ​មាន​សារសំខាន់​ប្រកបដោយ​សក្ដានុពល​ ក្នុងការ​រួមចំណែក​អភិវឌ្ឍ​គ្រួសារ ​សេដ្ឋកិច្ច និង​សង្គមជាតិ ​ដែល​ជា​កិច្ចការ​អាទិភាព​មួយ ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ផ្តោត​ការ​យក​ ចិត្ត​ទុកដាក់​ខ្ពស់បំផុត​។

ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ​គឺ​ដើម្បី​រំលឹក​វីរភាព​របស់​ស្ត្រី ​ដែល​បាន ប្រឆាំង​ នឹង​លក្ខខណ្ឌ​ការងារ តួនាទី ក្នុង​កិច្ចការ​សន្តិភាព ​ការអភិវឌ្ឍ ​ការ​ជំរុញឱ្យ​បញ្ឈប់​នូវ​ការ​រើសអើង​ ព្រមទាំង​ការ​ពង្រឹង​ការ​គាំទ្រ​ដល់​ស្ត្រី ក្នុងការ​ប្រើប្រាស់​សិទ្ធិ​ របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​។

ក្នុងឱកាស នៃ​ទិវា​អន្តរជាតិ​នារី ​៨​មីនា ​នេះដែរ ​សម្ដេចព្រះ​មហាក្សត្រី ​នរោត្ដម​ មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ​ក្នុង​សេរីភាព​ សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ​បាន​ចេញ​ព្រះរាជសារ ​ក្រើនរំលឹក​ដល់ ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ​ឲ្យ​ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម វប្បធម៌​អហិង្សា ​នៅក្នុង​ក្រុម​គ្រួសារ និង សង្គម តាមរយៈ​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ ​ដោយ​រៀបចំខ្លួន​ឲ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង​ ការប្រើប្រាស់​អំពើ​ហិង្សា ​ដោយ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ ​សីលធម៌ សុជីវធម៌ និង​រួមចំណែក​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ ដើម្បី​រក្សា​សន្តិភាព សុវត្ថិភាព ​សណ្ដាប់ធ្នាប់​សង្គម សាមគ្គី​ជា​ធ្លុង​មួយ ​ព្រមទាំង​រក្សា​សេចក្ដីថ្លៃថ្នូរ​ ដើម្បី​ឆ្ពោះ​ទៅរក​ភាពសម្បូរ​ សប្បាយ និង​សុខដុមរមនា ​ស្របតាម​ព្រះរាជ​បណ្ដាំ របស់​ព្រះករុណា ព្រះមហាវរក្សត្រ ​ព្រះវររាជបិតា​ជា​ ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​៕