រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ស្នើ​ឲ្យ​មន្ត្រី​គយ​នៅ​ច្រកទ្វា​ព្រំដែន​ទប់ស្កាត់​ ការរត់ពន្ធ​ខុសច្បាប់ ​និង​បង្កើន​ការ​ប្រមូល​ពន្ធ

95

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​គយ​ និង​រដ្ឋាករ​ក្អម​សំណរ​ក្នុង​ខេត្តព្រៃវែង ​នៅ​ថ្ងៃទី​៧ ខែមីនា​ ឆ្នាំ​២០១៩ ​បាន​ស្នើរ​ឲ្យ​មន្ត្រី​គយ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណរ ​ត្រូវ​ខិតខំ​អនុវត្តន៍​ការងារ​ឲ្យ​បានល្អ ​និង​ចូលរួម​ទប់ស្កាត់​ការ​រត់ពន្ធ​ខុសច្បាប់​ ឲ្យ​មាន​ប្រសិទ្ធភាព​ព្រោះថា ​ការ​រត់ពន្ធ​គឺជា​មូល​ហេតុដែល​ធ្វើ​ឱ្យ​បាត់​ចំណូល​ថវិកាជាតិ​។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ បាន​គូស​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០១៩ នេះ​តទៅ ​រដ្ឋាភិបាល​បាន​កំណែទម្រង់​ស៊ីជម្រៅ ​និង​មុត​ស្រួច ​ក្នុងនោះ​ពាក់ព័ន្ធ​ការងារ​គយ​ និង​រដ្ឋាករ មាន​សារៈសំខាន់​ណាស់​លើ​ការ​ប្រមូល​ចំណូល​ពន្ធ​ និង​ការទប់ស្កាត់ ​និង​ការ​បង្ក្រាប​អំពើ​រត់ពន្ធ​គ្រប់​ប្រភេទ​ នៅ​គ្រប់​ដែល​ត្រូវតែ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ដាច់ខាត​។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​ក្រើន​រំលឹកថា ​រដ្ឋាករ​គយ​នៅ​តាម​ច្រកទ្វារ​ទាំងនោះ​ត្រូវ​ប្រឹងប្រែង​ និង​ពង្រឹង​ការងារ​ប្រមូល​ចំណូល​ឲ្យ​បានល្អ ​ហើយ​ត្រូវ​បន្ត​ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​នូវ​ក្រមសីលធម៌​ បង្កើន​ការ​យកចិត្តទុកដាក់​ក្នុងការ​ប្រមូល​គៀង គរ ​រក​ចំណូល​ឲ្យ​បាន​កាន់​តែច្រើន​ និង​អស់​លទ្ធភាព ។

សូមបញ្ជាក់ថា ​ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​ក្នុង​ឆ្នាំ ២០១៨ ប្រមូល​បាន​ប្រ​ប្រមាណ​ជាង​១២១% នៃ​ផែនការ បើ​ប្រៀបធៀប​ នឹង​ឆ្នាំ​២០១៧​ ក្នុងនោះ​ចំពោះ​លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​ និង​អាករ​សំខាន់ៗ​ដែល​ប្រមូល​ដោយ​គយ ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ​ជាក់ស្តែង​ពន្ធគយ​នាំចូល​មាន​កំណើន​ជាង ១៨% ​ពន្ធអាករ​ពិសេស​កើន​ជាង ៤២% និង​ពន្ធអាករ​លើ​តម្លៃ​បន្ថែម (VAT)​ កើនឡើង​ជាង ៣០%​ផងដែរ ៕