LeBron James ឡើង​ផុត Michael Jordan ក្នុង​តារាង​អ្នករក​ពិន្ទុ​បាន​ច្រើន​ជាង​គេ​នៅ NBA

180

បាល់​បោះ៖ ​កីឡាករ​បាល់បោះ LeBron James បាន​វ៉ា​ផុត​កំណត់​ត្រា​របស់ Michael Jordan ឡើង​មក​លេខ​4 ​ក្នុង​តារាងអ្នក​បោះ​យក​ពិន្ទុ​បាន​ច្រើន​ជាង​គេ​នៃ​ក្រប​ខណ្ឌ NBA បន្ទាប់ពី​បន្ត​រក​ពិន្ទុ​បាន​ទៀត​ក្នុង​ការប្រកួត​ដែល LA Lakers ចាញ់ Denver Nuggets​

​​LeBron James រក​បាន 31ពិន្ទុ​ក្នុង​ការ​ប្រកួត​នោះ និង​សរុប​មក​មាន 32311ពិន្ទុឡើង​ផុត​អតីត​កំពូល​កីឡាករ បាល់បោះ​អាមេរិក Michael Jordan ដែល​មាន​សរុប 32292ពិន្ទុ​។​ ​LeBron James បង្ហាញខ្លួន​នៅ NBA បាន 1190ប្រកួត​ហើយ​ក្នុង​អាជីព ខណៈ Michael Jordan 1072ប្រកួត​។ ​គិត​មក​ដល់​ពេល​នេះ​មានតែ Kareem Abdul-Jabbar, Karl Malone និង Kobe Bryant ដែល​មាន​ស្ថិតិ​បោះ​បញ្ចូល​កន្ត្រក​បាន​ច្រើន​ពិន្ទុ​ជាង LeBron James ដែល​ចាប់ផ្ដើម​អាជីព​បាល់បោះ​របស់​ខ្លួន​ដំបូង​នៅ​ឆ្នាំ2003 ជាមួយ Cleveland Cavaliers​

​​កីឡាករ​ដែល​កើត​នៅ Ohio សហរដ្ឋអាមេរិក​រូប​នេះ​បាន​ផ្ទេរ​មកកាន់ Miami Heat នៅ​ឆ្នាំ2010 ចំណាយ​ពេល 4​ឆ្នាំ ​ហើយក៏​ត្រលប់​ទៅកាន់ Cleveland វិញ មុន​ពេល​ដែល​ផ្ទេរ​មកកាន់ LA Lakers កាលពី​ខែ​កក្កដា​ឆ្នាំមុន ចុះហត្ថលេខា​ 4​ឆ្នាំ​ដែលមាន​ថ្លៃឈ្នួល​សរុប 154លាន​ដុល្លារ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ