លោក សំ វ៉ាន់​ដេ​ត អាច​បញ្ចប់​អាជីព​បាល់ទាត់ ក្រោយ​បញ្ចប់​ការសិក្សា​វគ្គ A-License

118

បាល់ទាត់៖ បច្ចុប្បន្ន​លោក សំ វ៉ាន់​ដេ​ត បាន​នឹង​កំពុង​សម្ងំ​សិក្សា​វគ្គ​គ្រូ​បង្វឹក​កម្រិត A-License ក្នុងស្រុក តែ​លោក​បាន​អះ​អាង​ថា ក្រោយ​បញ្ចប់​ការសិក្សាលោក​អាច​នឹង​បញ្ចប់​អាជីព​បាល់ទាត់ បើ​សិន​មិន​មាន​ឱកាស​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ។

លោក សំ វ៉ាន់​ដេ​ត បាន​បញ្ជាក់​ថា ដើម្បី​បំពេញ​លក្ខខណ្ឌ​រៀន​វគ្គ A-License គេ​តម្រូវ​ឲ្យ​លោក​មាន​ក្លឹប​ដឹកនាំ​ជាក់ស្ដែង ដូច្នេះ​សព្វថ្ងៃ​លោក​បាន​បម្រើ​ការងារ​ស្ម័គ្រចិត្ត​នៅ​ក្លឹប​អាស៊ី​អឺរ៉ុប។ ប៉ុន្តែ​អ្នកផ្ដល់​ប្រាក់ខែ​ដល់​រូបលោក គឺ​ឯកឧត្ដម ឌី វិជ្ជា ប្រធាន​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង។ ហេតុនេះ​ក្រោយ​ចប់​ការសិក្សា បើ​សិន​មានឱកាស​ត្រឡប់​ទៅ​ស្វាយរៀង ទោះ​ដឹកនាំ​យុវជន​ក្ដីក៏​លោក​ស្ម័គ្រចិត្ត តែ​បើ​គ្មាន​ឱកាសលោក​អាច​នឹង​បញ្ចប់​អាជីព​តែម្ដង។​ គួរ​បញ្ជាក់​ថា លោក សំ វ៉ាន់​ដេ​ត បាន​ខកខាន​ដឹកនាំ​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀងតាំងពី​រដូវ​កាលឆ្នាំ​២០១៨ ព្រោះ​ត្រូវ​ចូលរួម​ការសិក្សា​វគ្គ​គ្រូ​បង្វឹក​កម្រិត A-License។ តែ​លក្ខខណ្ឌ​ក្នុង​ការ​សិក្សា​នេះ សិក្ខាកាម​ត្រូវ​មាន​ក្លឹប​ដឹកនាំ​ផ្ទាល់ខ្លួនដើម្បី​អនុវត្ត​ជាក់ស្ដែង ដូច្នេះ​លោក​បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ជាមួយ​អាស៊ី​អឺរ៉ុប ក្នុង​នាម​ជា​ជំនួយការ​ផ្នែក​បច្ចេកទេស​នា​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ។ ប៉ុន្តែ​លោក​បាន​អះ​អាង​ថា រាល់ពេល​ក្លឹប​អាស៊ី​អឺរ៉ុបត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លោក​សុំ​ឈរ​ក្រៅ​ទីលានមិន​ពាក់ព័ន្ធ​នឹង​ការប្រកួត​ឡើយ៕

អត្ថបទ៖ លី ឈុន​ឡា