កម្លាំង​នគរបាល​ត្រូវ​ពង្រឹង​សន្តិសុខ ស្ថិរភាព ពិសេស​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង ខេត្ត​

135

បន្ទាយមានជ័យ៖ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ង​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ បាន​ជំរុញ​ឱ្យ​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ដើម្បី​ធានា​ស្ថិរភាព សុវត្ថិភាព សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង ខេត្ត​និង​រាជធានី​នៅ​ពេល​ខាងមុខនេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ​ហ៊ឹម យ៉ាន តំណាង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បិទ​អង្គ​សន្និបាត​បូកសរុប​វាយតម្លៃ​សភាពការណ៍ ​និង​លទ្ធផល​ប្រតិបត្តិការ​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

ពោល គឺ​ខណៈមាន​ក្រុម​ប្រឆាំង​មូ​យ​ចំនួន​កំពុងតែ​ធ្វើ​សកម្មភាព បង្ក​បញ្ហា​ដើម្បី​រារាំង​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឱ្យដឹង​ថា​​ ក្នុង​ខេត្ត​នេះ កាលពី​ឆ្នាំ​២០១៨ បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន​មានការ​កើនឡើង​។ ចំណែក​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​។​

បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​៨៥​លើក​លើ​៥១​លើក កើន​ឡើង​៣៤​លើក ស្មើ​និង​៦៧​ភាគរយ ស្លាប់​មនុស្ស​១១​នាក់ របួស​១៨​នាក់ រងគ្រោះ​៥៤​នាក់ និង​បាន​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​សម្រេច​បាន​៦៣​លើក​លើ​៨៥​លើក ស្មើ​និង​៧៤​ភាគរយ ឃាត់ខ្លួន​១០៥​នាក់​។​បទល្មើស​គ្រឿងញៀន​៣៩៨​លើក ឃាត់ខ្លួន​១០៩៣​នាក់​និង​រឹបអូស​គ្រឿងញៀន​ជាង​៣​គីឡូក្រាម​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម​ បន្ត​ថា បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៥៧​លើក​លើ​២០២​លើក ថយ​ចុះ​៤៥​លើក ស្មើ​២២​ភាគរយ បង្ក​ឱ្យ​ស្លាប់​១០៥​នាក់ រង​របួស​២០៩​នាក់​។​

លោក អ៊ុ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ក៏បាន​វាយតម្លៃ​ខ្ពស់​កងកម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ អនុវត្ត​ការងារ​និង​មាន​កិច្ចសហការ​បាន​ល្អ ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​ពាក់ព័ន្ធ​ដោយ​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​។ មិនតែប៉ុណ្ណោះ​បាន​ចូលរួម​កិច្ចការងារ​សង្គម​ជួយ​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយធម្មជាតិ​ទាន់​ពេលវេលា​ផងដែរ​ ឯ​បទល្មើស​កើន​ឡើង ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​បានជា​បន្តបន្ទាប់។​​

ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ក៏បាន​ជំរុញ​ឱ្យ​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បន្ត​ពង្រឹង​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សុវត្ថិភាព ការរស់នៅ ការ​ប្រកបមុខរបរ របស់ ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ និង​ជឿជាក់​មក​លើ​កម្លាំង នគរបាល​៕​