ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស ធ្វើអ​ន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់​

118

ភ្នំពេញ៖ ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​ការអន្តរ​ជាតិ​បាន​ប្រកាស​នៅព្រឹ​កថ្ងៃទី១៧​ ខែ​កញ្ញា ​ឆ្នាំ២០១៨​នេះ​ថា ​ស្ថានតំ​ណាងក​ម្ពុជា​នៅក្រៅ​ប្រទេស បាន​ធ្វើអន្តរាគមន៍​ជួយ​ពលរដ្ឋខ្មែ​រចំនួន​៥៥នា​ក់។


១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការ​ជាមួយអាជ្ញាធរ​មានសមត្ថកិច្ច​​របស់ ចិន ធ្វើអន្តរាគមន៍ជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍ស្រ្តីខ្មែរចំនួន២នាក់​ មកពីខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ដែល​ត្រូវបានមេខ្យល់​​បោកបញ្ឆោតនាំទៅ​រៀបការ​ដោយខុសច្បាប់ជាមួយបុរសជនជាតិចិន​នៅ​ក្នុង​ប្រទេសចិន។ ស្រ្តីទាំងពីរនាក់ ​បាន​ត្រលប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ​២០១៨ ។
២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការ​ជាមួយអាជ្ញាធរ​មានសមត្ថកិច្ច​​របស់​ម៉ាឡេស៊ី​ រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន២២នាក់​ មកពីខេត្ត​កំពង់ចាម កំពង់ធំ តាកែវ ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ និងខេត្តស្វាយរៀង ដែល​បានទៅ​​​​ធ្វើការ​ដោយខុស​ច្បាប់​​នៅប្រទេស​ម៉ាឡេស៊ី ហើយមាន​បំណងត្រលប់មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង​២២នាក់ ​ បាន​មក​​ដល់​​កម្ពុជា​ នៅព្រឹកថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ​ ២០១៨​ ។
៣. ស្ថានអគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយ​អាជ្ញាធរ​វៀតណាម​​ រៀបចំ​មាតុ​ភូមិ​និវត្តន៍របស់​ពលរដ្ឋខ្មែរចំនួន៣១នាក់ ​(ក្នុងនោះមាន​​កុមារ​២៣នាក់​) មកពី​ខេត្ត​ស្វាយរៀង ​ ដែល​​ចូល​ទៅស្នាក់នៅនិង​ប្រកប​របរ​លក់​ឆ្នោតដោយខុសច្បាប់​​​​​​នៅក្នុង​ប្រទេសវៀតណាម។​ ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង៣១នាក់នោះ មកដល់កម្ពុជាវិញ នៅថ្ងៃ​ទី​១៤ ខែ កញ្ញា ឆ្នាំ ​២០១៨ តាមច្រក​ទ្វារ​ព្រំដែនអន្តរជាតិបាវិត ដើម្បី​ប្រគល់​ជូនអាជ្ញាធរកម្ពុជា ចាត់ចែង​បញ្ជូនបន្ត​ទៅ​ស្រុក​កំណើត៕