ក្រសួងសុខាភិបាល ស្នើ​ពលរដ្ឋ ប្រុងប្រយ័ត្ន​ការពារ​សុខភាព​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ខ្លាំង​

200

ភ្នំពេញ៖ ក្រសួងសុខាភិបាល បាន​ស្នើ​ប្រជាពលរដ្ឋ​ការពារ​សុខ​ភាព​របស់ខ្លួន​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​អ្នក​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លាំង​គឺ​កុមារ មនុស្ស​ចាស់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​។​

បើតាម​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ស្រប​ពេល​ដែល​អាកាសធាតុ​កំពុងមាន​ការប្រែប្រួល ដោយ​ឡើង​កម្ដៅ​ខុស​ធម្មការ​។ ចំពោះ​ដែល​គប្បី​មានការ​ប្រុងប្រយ័ត្ន គឺ មនុស្ស​ចាស់ កុមារ​តូច និង​ស្ត្រី​មាន​ផ្ទៃពោះ ខណៈ​ដែល​ឆ្នាំនេះ អាកាសធាតុ​អាច​កើនឡើង​រហូតដល់​ទៅ​៤០៤២​អង្សា​សេ​។

លោកជំទាវ ថា ក្នុង​រដូវ​ក្ដៅ ធ្វើឱ្យ​យើង​បាត់បង់​នូវ​ជាតិ​ទឹក ដូច្នេះ​ត្រូវ​ពិសា​ទឹក​ឱ្យបាន​ច្រើន និង​ជៀសវាង​ការ​បរិភោគ​ភេសជ្ជៈ​ផ្អែម​. កុំ​នៅក្រោម​កំដៅថ្ងៃ​យូរពេក​, ត្រូវ​ស្លៀក​សំលៀកបំពាក់​ស្ដើង​ៗ និង​ពណ៌​ស្រាល​ៗ​ដែល​មិនសូវ​ស្រូប​កំដៅថ្ងៃ និង​ស្លៀកពាក់​ខោអាវ​វែង ហើយ​ពេល​ចេញទៅ​ក្រៅ​ត្រូវ​ពាក់មួក និង​ប្រើ​ឆ័​ត្រ ដើម្បី​ការពារ​, ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជាប់​ជានិច្ច ដោយ​ការបរិភោគ​ចំណីអាហារ ត្រូវ​ស្អាត មាន​អនាម័យ​ល្អ ទុកដាក់​ម្ហូប​ឱ្យបាន​ត្រឹមត្រូវ របស់​ឆៅ របស់​ស្រស់ ឱ្យមាន​របៀប​កុំ​នៅ​ច្របូកច្របល់​គ្នា ត្រូវ​ចម្អិន​ម្ហូប​ឱ្យ​ឆ្អិន​ល្អ កាលណា​រដូវក្ដៅ​អាហារ​ងាយ​នឹង​ជូ​ផ្អូម​, ពិសា​ទឹក ទឹក​នោះ​ត្រូវតែ​ស្អាត​មាន​អនាម័យ និង​ទឹក​ឆ្អិន​រួមទាំង​ត្រូវ​សម្អាត​ច​ង្គ្រា​ន និង​បរិវេណ​ជុំវិញ ដើម្បី​ជៀសវាង​នូវ​ការ​ចម្លង​រោគ​ផ្សេងៗ​។​

ជៀសវាង​ពិសា​អាហារ​ក្ដៅ និង​ពិសា​អាហារ​ច្រើនពេក​។ វិធី​សង្គ្រោះ​បឋម អាកាសធាតុ​ក្ដៅ​ខ្លាំង កាលបើ​យើង​ប្រហែស ឬ​មិនបាន​យក​ចិ​ត្ដ​ទុកដាក់ អាច​នឹង​បណ្ដាល​ឲ្យ​យើង​ស្លាប់​បាន ដោយសារតែ​ខ្សោះ​ជាតិ​ទឹក បាត់​នូវ​សារធាតុ​រ៉ែ ធ្វើឱ្យ​យើង​ដួលសន្លប់​។​ករណី​សន្លប់​កុំ​ទុក​គាត់​យូរ ត្រូវ​ប្រញាប់​នាំមក​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​គាត់ សម្រាប់​អ្នក​ដួលសន្លប់ ត្រូវដាក់​អ្នកជំងឺ ឱ្យ​សម្រាក ដោយ​លើកជើង​គាត់​ឡើងលើ​បន្ដិច ឬ​កល​ជើង​ឱ្យ​ខ្ពស់ ដើម្បីឱ្យ​ចរន្ដឈាម​ហូរ​មក​ខួរក្បាល ត្រូវដាក់​នៅក្រោម​ម្លប់​ដែល​ត្រជាក់​។

ដោះ ឬ​បន្ធូរ​សម្លៀកបំពាក់​អ្នកជំងឺ​ចេញ និង​សុំឱ្យ​អ្នកជំងឺ​ពិសា​ទឹក ឬ​ទឹក​ដែលមាន​ជាតិ​រ៉ែ ឬក៏​អាច​ផ្ដល់​ទឹក​ដែល​យើង​អាចធ្វើ​បាន ដោយ​លាយ​អំបិល​១​ស្លាប​ព្រាប​កាហ្វេ ជាមួយ​ទឹក​២៥​ស្លាបព្រា​បាយ មិនត្រូវ​ផ្ដល់នូវ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ជាតិ​ស្រា​ឡើយ​។ ដណ្ដប់​អ្នកជំងឺ​ដោយ​ក្រណាត់​សើម ដោយ​ប្រើ​ទឹក​ធម្មតា ។​

ទន្ទឹមនឹង​លោកជំទាវ ឱ វណ្ណឌី​ន អំពាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​អគ្គីភ័យ​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម​៖ សូម​ទាក់ទង​លេខ​ទូរស័ព្ទ ទាន់​ហេតុការណ៍​ដោយ​ឥតគិតថ្លៃ​១១៥ ទោះ​គ្មាន​ថវិកា​ក្នុង​ទូរស័ព្ទ របស់​អ្នក​ក៏​អាច​ទូរស័ព្ទ​ចូល​បានដែរ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ០១២ ៨២៥ ៤២៤៕​