ជប៉ុន​ផ្តល់​ជំនួយ​ដល់​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​សម្រាប់​បង្ការ​គ្រោះ​មហន្តរាយ​ដើម្បី​កែ​លម្អ​បរិស្ថាន​រស់នៅ

83

ភ្នំពេញ ៖ ​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​២១ ខែមីនា នេះ បាន​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ឥតសំណង​៣០០​លាន​យ៉េន​ (​ប្រមាណ​២​លាន​៧​សែន​ដុល្លារ ​ដល់​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​សម្រាប់​បង្ការ​គ្រោះ​មហន្តរាយ ​ដើម្បី​កែ ​លម្អ​បរិស្ថាន​រស់នៅ ​ក្នុងប្រទេស​កម្ពុជា​។

ឯកអគ្គរដ្ឋទូត​ជប៉ុន លោក ហូ​រី​ណូ ហ៊ី​ដេ​ហ៊ី​សា ​បាន​ថ្លែងថា​ ការ​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ទៅ​នឹង​ព័ត៌មាន ​អំពី​ការប្រែប្រួល​អាកាសធាតុ ​និង​គ្រោះធម្មជាតិ​ នៅ​ទូទាំង​ពិភពលោក​ ពិតជា​ត្រូវការ​ចាំបាច់​ខ្លាំង ​ណាស់ ​ហើយ​ការ​គាំទ្រ​ដំណើរការ​ជម្លៀស ​និង​កសាង​ឡើងវិញ​សម្រាប់​ប្រជាជន និង​សហគមន៍ ​ដែល​រង​ ផលប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ ​គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​។

លោក ​បាន​បញ្ជាក់ថា​ ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នាពេលនេះ ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក នឹង​អាច​កាត់បន្ថយ​ផល​ប៉ះពាល់ នៃ​ភាព​ភ័យខ្លាច​សម្រាប់​សហគមន៍​មូលដ្ឋាន​ ក្នុង​តំបន់​ដែល​ងាយ​រង គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការ​បង្កើន​យន្តការ​កាត់បន្ថយ​ហានិភ័យ​ និង​ការ​កែលម្អ ដើម្បី​អាច​ទទួល​បាន​ទីទួល​សុវត្ថិភាព ​និង​ព័ត៌មាន​សង្គ្រោះ​ជីវិត ជាដើម​។

តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា ​លោកស្រី ហ្វ្រែ​ន សេស​កា អ៊ី​ឌី​ម៉ាន់ បានឱ្យដឹងថា​ ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៤០ ដែល​ប្រជាជន​កម្ពុជា​ បាន​ទទួល​ការគាំទ្រ​ពី​កម្មវិធី​ស្បៀងអាហារ​ពិភព លោក ដោយ​ចាប់​តាំងពី​ឆ្នាំ​១៩៧៩​មក កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​បានធ្វើការ​ដើម្បី​លើក​កម្ពស់​សន្តិ សុខ​ស្បៀង និង​អាហារូបត្ថម្ភ​របស់​គ្រួសារ ​និង​សហគមន៍ ​ដែល​ងាយ​រងគ្រោះ​បំផុត តាមរយៈ​ការ​ជួយ​ដោះ ​ស្រាយ​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ​របស់​ពួកគេ ​និង​ការពារ​ពួកគេ​ពី​ផល​ប៉ះពាល់ ដែល​បណ្តាល​មកពី​គ្រោះ ​មហន្តរាយ​ធម្មជាតិ​នានា​។

លោកស្រី​ថា រដ្ឋាភិបាល​ជប៉ុន គឺជា​ដៃគូ​គាំទ្រ​ដ៏​ល្អ ​និង​ជា​អ្នកគាំទ្រ​សកម្មភាព​ការងារ ​របស់​កម្មវិធី ស្បៀងអាហារ​ពិភពលោក ​សម្រាប់​ឆ្នាំ​ខាងមុខនេះ ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​ប្រជាជន​កម្ពុជា​។​ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​សម្ដែង​អំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជប៉ុន ​ដែល​បាន​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​ដល់​កម្ពុជា ​និង​បាន​ហៅ​ទំនាក់​ទំនង កម្ពុជា​-​ជប៉ុន ថា ​ជា​ទំនាក់ទំនង​ដែកថែប​។ ឯកឧត្តម ​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​កម្ពុជា ​លើ​ការងារ​គ្រោះ​មហន្តរាយ​ផងដែរ​៕