វត្តមាន​ប្រព័ន្ធធា​រាសាស្ត្រ​ជួយ​អ្នក​ឃុំ​តា​គ្រាម​ ឱ្យធ្វើ​ស្រែ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ

79

បាត់ដំបង ៖ ​រាជរដ្ឋាភិបាល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ស្ដារ និង កសាង​ប្រព័ន្ធ​ធារា​សាស្ត្រ​ឱ្យ​បាន​គ្រប់​តំបន់ ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ទឹក​ស្រោចស្រព​ដំណាំ​ កសិកម្ម និង​ជួយ​ឱ្យ​កសិករ ​អាចធ្វើ​កសិកម្ម​បាន​ច្រើនដង​ក្នុង​មួយឆ្នាំៗ​។

ប្រជាពលរដ្ឋ​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​ បាន​ថ្លែងថា ​វត្តមាន​ប្រព័ន្ធ​ប្រឡាយទឹក ខ្វាត់ខ្វែង ​នាំ​យក​ទឹក​ពី​ទំនប់​បឹង​កំពីង​ពូ​យ ​មក​ស្រោចស្រព​លើដី​ស្រែ​របស់​ពួកគាត់ ​អាចឱ្យ​ពួកគាត់​ធ្វើស្រែ ប្រាំង ក្នុង​មួយ​ឆ្នាំ​បាន​ពីរដង ​ដោយ​មិន​បារម្ភ​ពី​បញ្ហា​ខ្វះខាត​ទឹក​ឡើយ​។

ប្រជាពលរដ្ឋ បាន​លើកឡើងថា ​ពីមុនមក​ នៅ​ភូមិ​ឃុំ​របស់​ពួកគាត់ មាន​ប្រជាពលរដ្ឋ​ចំនួន​តិចតួច ណាស់ ដែល​អាច​ធ្វើ​ស្រែ​ក្នុង​មួយ​ឆ្នាំ​បាន​ពីរដង​ គឺ​មានតែ​អ្នក​នៅ​ជិត​នឹង​ទំនប់​កំពីងពួយ​ប៉ុណ្ណោះ​ តែ​បច្ចុប្បន្ន ​ដោយមាន​ការស្ដារ ​និង​ពង្រីក​ប្រឡាយ​ទឹក​កាន់តែ​ជ្រៅ និង​ធំ ​បានធ្វើ​ឲ្យ​ពួកគាត់​មានទឹក​ប្រើប្រាស់ សម្រាប់​ស្រោចស្រព​ដីស្រែ​គ្រប់គ្រាន់ ​អាចធ្វើ​ស្រែ​បាន​ពីរដង​ដែរ​។

លោក រស់ ឈួ​ម មេភូមិ​ភូមិ​ព្រៃ​ផ្ដៅ បាន​លើកឡើងថា ​នៅក្នុង​ភូមិ​ឃុំ​របស់គាត់​នេះ ​មិន ថា​តែ​ប្រ ឡាយ​ទឹក​ទេ ​ដែលមាន​ការរីកចម្រើន​នោះ ​សូម្បី​ផ្លូវលំ​ក្នុងភូមិ ​ក៏​ធ្វើដំណើរ​បាន​ស្រួល ហើយ​ផ្លូវ​សម្រាប់​ដឹក​ កសិផល​ពី​ស្រែ ​ក៏មាន​ខ្វែង ខ្វាត់ ​ មិន​មាន​ភាព​ពិបាក​ដូច​មុន​នោះទេ​។

នៅក្នុង​ខេត្តបាត់ដំបង បច្ចុប្បន្ន មាន​ប្រព័ន្ធធារាសាស្ត្រ​ធំៗ ដូចជា​ ប្រព័ន្ធធារាសាស្ត្រ​ពហុ​បំណង សេក​សក ទំនប់​ក​ង្ហ​ត់ ​ទំនប់​បឹង​កំពីងពួយ ទំនប់​ស្ទឹង​ប​វេ​ល និង​ទំនប់​បាសាក់ ព្រមទាំង​ប្រឡាយ​មេ និង ប្រឡាយ​ជើង​ក្អែប​ជាច្រើន​ខ្សែ ​ដែលមាន​សមត្ថភាព​អាច​ផ្ដល់​ទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម​ជាច្រើន​ម៉ឺន ហិកតា​ ពិសេស ដំណាំ​ស្រូវ​។ ទោះបី​មាន​ប្រព័ន្ធធារាសាស្ត្រ​ធំៗ​ទាំងនេះហើយ​ក៏ដោយ ក៏​មិនទាន់​គ្រប់ គ្រាន់​ នឹង​តម្រូវការ​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​ដែល​មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម​មួយ​នេះ​នៅឡើយ​ ដូចនេះ​បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ជាច្រើន​កន្លែង និង​ប្រឡាយ​ទឹក​ជាច្រើន ខ្សែ​ទៀត សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាកសិករ ឲ្យ​បាន​ទូទាំង​ខេត្ត​ទាំងមូល​៕