សម្ដេច​​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​ណែនាំ​ឲ្យ​សមាជិក​សភា​បន្ត​ចុះ​តាម​មណ្ឌល​ជួយ​ប្រជា​ពលរដ្ឋ​ខ្វះ​ទឹក​នា​រដូវប្រាំង​

75

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មីនា​នេះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ​បាន​ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែល​មាន​របៀបវារៈ​ប្រជុំ​រួមមាន​៖

-​ការពិនិត្យ​លើ​សេចក្ដីព្រាង​របាយការណ៍ ​ស្ដីពី​សកម្មភាព​របស់​រដ្ឋ​សភា​ចន្លោះ​សម័យប្រជុំរដ្ឋសភា​លើក​ទី​១ ​និង​លើក​ទី​២​ នីតិកាល​ទី​៦ ​រដ្ឋសភា​។​

-​ការ​ពិនិត្យ​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​២ ​នីតិកាល​ទី​រដ្ឋសភា​។​

-​ការពិនិត្យ​សេចក្ដីព្រាង​របៀបវារៈ​ទី​១, , ៣​ និង​៤​។​

ឯកឧត្ដម ​ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាន​រដ្ឋសភាមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភាបាន​សម្រេច​យក​ថ្ងៃ​ទី​១​ ខែ​មេសា​ឆ្នាំ​២០១៩ បើ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​ នីតិកាល​ទី​៦​។​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​រដ្ឋសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ប្រធាន​រដ្ឋសភាបាន​ណែនាំ​ ដល់​សមាជិកសមាជិកា​រដ្ឋសភា​ទាំងអស់ បន្តចុះ​តាម​មណ្ឌល​របស់​ខ្លួន ​ហើយ​យកចិត្តទុកដាក់​ជួយ​ប្រជា​ពល រដ្ឋនៅ​រដូវប្រាំង ដែល​ប្រជា​ពលរដ្ឋនៅ​តាម​មូលដ្ឋាន​ប្រឈម​ និង​ការ​ខ្វះ​ទឹក​ប្រើប្រាស់ និង​ណែនាំប្រជាពលរដ្ឋ ព្រះសង្ឃ​ឲ្យ​ថែរក្សា​ប្រភព​ទឹក ដូចជា​ស្រះ​ទឹក​នៅ​ក្នុង​វត្ត​ និង​នៅ​កន្លែង​ផ្សេងៗ​ សម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់​និង​សម្រាប់​ឲ្យ​សត្វ​ផឹក និង​ពិនិត្យលទ្ធភាព​ជីក​អណ្ដូង​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ទឹក​ប្រើប្រាស់​នា​រដូវប្រាំង​៕